ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាដេញចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកម៉ូតូពីស្ត្រីពោះធំ៨ខែម្នាក់ ដោយប្រើល្បិចជួយបណ្តើរម៉ូតូឡើងចំណត។
ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើលកាលម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០ចំណុចចំណតមាត់ទន្លេក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កើ ណាវី អាយុ៣២ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរនេសាទត្រី ស្នាក់នៅលើទូកក្រុម៩ភូមិ១សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រឿន ស្រីនី ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញមានផ្ទៃពោះ៨ខែ។
តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលើទូក ប្រពន្ធរបស់គាត់បានជិះម៉ូតូឡើងចំណតមាត់ទន្លេ ពេលនោះជនសង្ស័យបានសុំជួយបណ្តើរស្រាប់តែបណ្តើរម៉ូតូបានបន្តិច ក៏ជិះគេចខ្លួនភ្លាមៗនោះគាត់ (ប្តី) បានឡើងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុច ក្នុងបុរីសុភមង្គល ទើបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖មីដា