ក្រុងសៀមរាប ៖ អ្នកនាងស្រីអូន សម្រស់ធម្មជាតិ កាលពីវេលាយប់អធ្រាត្រថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០ បានជួបគ្រោះស៊យត្រូវរថយន្ត១គ្រឿង ស្រវឹងបើកបុកកង់បី១គ្រឿង ហើយជ្រុលបុករះរថយន្តរបស់អ្នកនាងចំនួន២គ្រឿង និងរថយន្តអ្នកដទៃ១គ្រឿងទៀត កំពុងចតនៅកន្លែងភោជនីយដ្ឋាន ត្រីកោណ ក្រុងសៀមរាប។
ក្នុងហេតុការណ៍បុករះដ៏សាហាវខាងលើនេះ អ្នករត់កង់បីរងរបួសគ្រោះធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប៉ុន្តែ អ្វីដែលហួសចិត្ត និងគួរឲ្យស្អប់ខ្លាំងបំផុតនោះ គឺអ្នកបើកបររថយន្តបង្កនោះ ពុំបានសុំទោស ឬ សម្រួលដោះស្រាយគ្នាស្រួលបួលនោះទេ តែបែរជាបោះសម្តីយ៉ាងឈ្លើយដាក់អ្នកនាង ដោយអាងខ្សែ អត់ទទួលខុសត្រូវចំពោះកំហុសខ្លួនឡើយ។
តែយ៉ាងណា អ្វីដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងនោះ បើទោះរថយន្ត២គ្រឿងរបស់ខ្លួនត្រូវខូចខាតយ៉ាងដំណំ ក្នុងនោះ១គ្រឿងម៉ាក lexus rx300 (បែកស្ទុបក្រោយមួយចំហៀង) និង១គ្រឿងទៀតម៉ាក land cruiser (បែកកញ្ចក់ក្រោយ១ផ្ទាំងខ្ទេច) បែបនេះក៏ដោយ តែដោយក្តីអាណិតអាសូរដល់បុរសអ្នករត់កង់បីដែលរងរបួសធ្ងន់ អ្នកនាងស្រីអូន ក៏បានជួយឧបត្ថម្ភប្រាក់ដល់ម្តាយរបស់គាត់ជាអ្នកអនាម័យចំនួន ៥០០ ដុល្លារ សម្រាប់ការព្យាបាល ហើយអ្នកនាងក៏ធានាទិញកង់បីថ្មីឲ្យទៀតផង។
ជាមួយនឹងទង្វើមិនទទួលខុសត្រូវ ចេញមកស្រវឹងអាងខ្សែ បើករថយន្តសុទ្ធតែទំនើបដែរ ហើយទីបំផុត ប្រាប់ថាគ្មានលុយមួយរៀលបែបនេះ អ្នកនាងស្រីអូន ក៏បានសម្តែងការហួសចិត្ត និងភ្ជាប់សារយ៉ាងដូច្នេះថា៖ «រឿងដែលខ្ញុំហួសចិត្តបំផុតក្នុងជីវិតមិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបើកឡានបុកឡានខ្ញុំ២គ្រឿង បុកកង់បីរបួសគេងពេទ្យ ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វើអស់ច្រើនម៉ឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ ឲ្យសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តើគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនើបប៉ុណ្ណឹង គាត់ថាគ្មានលុយមួយរៀល ចុះទម្រាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តើយ៉ាងម៉េចវិញ? ចុងក្រោយខ្ញុំសម្រេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិកាសម្រាប់ព្យាបាលរបួស លើលោកនេះមានរឿងជាច្រើនដែលយើងស្មានមិនដល់ សូមឲ្យច្បាប់ជាអ្នកធ្វើការចុះ ព្រោះឡាន២គ្រឿងខូចធ្ងន់ កង់បីប្រើការលែងបាន មនុស្សរបួសគេងពេទ្យ»៕ ដោយ៖ លឹម ហុង