ភ្នំពេញ៖ ស្របគ្នានឹងស្ថានភាពនៃវិបត្តិជំងឺសកល បញ្ហាគ្រោះទឹកជំនន់ លោក ហុង សុហួរអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ការជួញដូរភាគហ៊ុននៅកម្ពុជា មានការធ្លាក់ចុះនាពេលនេះ។
អ្នកជំនាញក្នុងទីផ្សារមូលបត្ររូបនេះ បានបន្តថា បើទោះបីជានៅឆ្នាំ២០២០នេះ មានក្រុមហ៊ុនជាច្រើនចូលមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ តែការជួញដូរភាគហ៊ុនមានការធ្លាក់ចុះពីទំហំជួញដូរជាមធ្យមខ្ទង់ ១៥ម៉ឺនដុល្លារ មកនៅត្រឹម ១៣ ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ហុង សុហួរ នៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារមូលបត្រកម្ពុជា ហើយថានឹងនៅតែអាចរីកចម្រើនទៅមុខ ខណៈដែលវិស័យផ្សេងៗទៀត នៅតែដំណើរទៅមុខដោយរលួន។ ផ្សារភាគហ៊ុនកម្ពុជា នៅតែមានក្រុមហ៊ុនថ្មីៗ ចាប់អារម្មណ៍មកចុះបញ្ជី និងកំពុងធ្វើការងារជាមួយគ្នា ជាបន្តបន្ទាប់ ដោយនៅដើមឆ្នាំ២០២១ខាងមុខនេះ នឹងមានក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀត ចូលផ្សារមូលបត្រកម្ពុជា។
នៅឆ្នាំ២០២០នេះ មានក្រុមហ៊ុនដែលបានមកចុះបញ្ជី មានចំនួន ៧ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន ដែល ចុះបញ្ជីលក់ភាគហ៊ុន មានចំនួន ៣ ក្រុមហ៊ុន និងក្រុមហ៊ុន លក់សញ្ញាបណ្ណមានចំនួន ៤ ក្រុមហ៊ុន។
នៅឆ្នាំ២០២១ រំពឹងថា និងមានក្រុមហ៊ុន ៤ ទៅ៥ ក្រុមហ៊ុនបន្ថែម ដែលនេះ ជាសញ្ញាបង្ហាញថា ផ្សារភាគហ៊ុននៅកម្ពុជា បន្តការរីកចម្រើនទៅមុខ ជាលំដាប់ ខណៈ សាធារជន ចាប់ផ្តើមយល់ដឹង កាន់តែច្បាស់អំពីផ្សារភាគហ៊ុនមួយនេះ៕
ដោយ៖CEN