ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ពិធីសម្ពោធកម្មវិធី«ជុំវិញទន្លេមេគង្គ» លើកទី៥ ដែលជាកម្មវិធីពិសេសមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាពរបស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធី «ជុំវិញទន្លេមេគង្គ» គឺជាវេទិកាមួយដែលផ្តោតសំខាន់លើការផ្សព្វផ្សាយពីសារៈសំខាន់របស់បរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ របស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ និងការចូលរួមរបស់បុគ្គល នៅតាមដងទន្លេមេគង្គ តំបន់មាត់សមុទ្រ និងតំបន់នានានៃប្រទេសកម្ពុជា ទៅដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីនេះ បានប្រមូលផ្តុំអ្នកផលិតខ្សែភាពយន្ត អ្នកវិទ្យាសាស្ត្រ អ្នកអភិរក្ស អ្នកថតរូប និងសំឡេងសហគមន៍ ដើម្បីស្វែងយល់ពីអនាគតអេកូឡូស៊ីនៃតំបន់ទន្លេមេគង្គ តាមរយៈការចាក់បញ្ចាំងភាពយន្តឯកសារ ការពិភាក្សាជាសាធារណៈ និងការនិទានរឿងតាមរយៈរូបភាព។
ក្រុមការងារមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការអភិរក្សអន្តរជាតិប្រចាំនៅកម្ពុជា, អង្គការFauna & Flora – Cambodia Programme, អង្គការអភិរក្សសមុទ្រកម្ពុជា, មូលនិធិហេនរេចបូលប្រចាំនៅកម្ពុជា, គម្រោងអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជា(BCEC), គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ, អង្គការ Pulizer Center, ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ភាពជាដៃគូ និងការចូលរួមរៀបចំកិច្ចពិភាក្សា ការធ្វើបទបង្ហាញនានា ដើម្បីចែករំលែកនូវចំណេះដឹងស្តីអំពីបរិស្ថាន សារៈសំខាន់ជីវៈចម្រុះ បម្រែបម្រួលអាកាសធាតុ ក៏ដូចជាការងារអភិរក្សបរិស្ថាន។
កម្មវិធី«ជុំវិញទន្លេមេគង្គ» នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលរួមមានកិច្ចពិភាក្សា និងបទបង្ហាញទាក់ទងនឹងបរិស្ថានជុំវិញតំបន់ទន្លេមេគង្គ។
យើងសូមគោរពអញ្ចើញ សិស្ស និស្សិត និងសាធារណជន ចូលរួមកម្មវិធី «ជុំវិញទន្លេមេគង្គ»នេះ ឱ្យបានច្រើកុះករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












