កែប ៖ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនៅខេត្តកែប ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ក្រោយពីបានប្រទះឃើញថ្នាក់នាំរបស់ពួកគាត់ គឺអភិបាលខេត្តកែបថ្មីលោក សោម ពិសិដ្ឋ ត្រូវបានស្រីស្អាតវ័យក្មេងម្នាក់ ទម្លាយចេញឆាតតបជេរប្រមាថ ដោយប្រើពាក្យដ៏អសុរោះជាច្រើន ព្រោះចោទបានមកឆាត ហើយសុំរូបនាងចិញ្ចឹមធ្វើជាប្រពន្ធចុងមិនបង្អង់យួរ ដោយគ្មានការអៀនខ្មាសសោះឡើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jëë Mēÿ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះរូបលោក សោម ពិសិដ្ឋ និងឆាតជាភស្តុតាងនៃរឿងអាស្រូវនេះ ដោយជេរប្រទេចប្រើពាក្យធ្ងន់ៗថា៖ «នៅមានមនុស្សបែបហ្នឹងប៉ុន្មាននាក់ទៀត ដល់ថ្នាក់ធ្វើដល់អភិបាលខេត្តកែប ហើយ តែនៅតែល្មោភស្រីមិនឈប់សោះ អានេះនៅមុខមនុស្សច្រើនវាធ្វើចរឹកសុភាពរាបសាណាស់ តែតាមពិតចរឹកឆ្កែបែបនេះសោះ»។
តែទោះយ៉ាងណា ជុំវិញរឿងអាស្រូវនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកពុំបានប្រព្រឹត្តទង្វើដូចគណនីខាងលើ បានចោទប្រកាន់បែបនេះនោះទេ។ តែលោកបានសន្និដ្ឋានថា រឿងនេះអាចដោយសារមានជម្លោះភាគីណាមួយ ហើយមានបញ្ហាផ្ទាល់ខ្លួន ព្រោះរឿងនេះ ធ្លាប់កើតមានឡើងម្តងមកហើយ កាលពីឆ្នាំមុន ហើយឥឡូវនេះ ក៏បានកើតឡើងម្តងទៀត ដោយលោកមិនដឹងមូលហេតុផ្ទៃក្នុងអ្វីទេ។ តែយ៉ាងណា នៅពេលនេះ លោកកំពុងធ្វើពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្រាវជ្រាវករណីនេះផងដែរ។
ទន្ទឹមនេះផងដែរ រដ្ឋបាលខេត្តកែប ក៏សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ Jëë Mēÿ ដែលបានធ្វើរឿងខាងលើនេះឡើង គឺជាគណនីក្លែងក្លាយ និងជាព័ត៌មានមិនពិតនោះទេ។
រដ្ឋបាលខេត្តកែប ក៏បានបញ្ជាក់បន្ថែមថា គណនីហ្វេសប៊ុក និងផេកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប គឺនៅតែរក្សាបានការគ្រប់គ្រងដោយក្រុមការងារដដែល។ ដោយឡែក គណនីហ្វេសប៊ុកមានឈ្មោះថា «សោម ពិសិដ្ឋ» នោះ ដែលបានឆាតទៅទំនាក់ទំនងជាមួយគណនីហ្វេសប៊ុកឈ្មោះ Jëë Mēÿ គឺជាគណនីក្លែងក្លាយ។
តែយ៉ាងណា គេមិនទាន់ឃើញគណនីឈ្មោះ Jëë Mēÿ ចេញប្រតិកម្មតប ឬខ្លាចរអា ចំពោះចំណាត់ការផ្លូវច្បាប់របស់អភិបាលខេត្តកែបនៅឡើយទេ និងផ្ទុយទៅវិញ គណនីនេះនៅតែបន្តផុសរូប និងវីដេអូធម្មតាយ៉ាងរំភើយ។ ហេតុនេះ សូមប្រិយមិត្តរង់ចាំតាមដានបន្ត៕ ដោយ៖ លឹម ហុង