បាត់ដំបង់៖ អង្គការគាំពារសកលនៃកម្ពុជាសាខាបាត់ដំបងតាមរយៈក្រុមការងារចុះជួយស្រុកគាស់ក្រឡ បានផ្ដល់អំណោយជាស្បៀងអាហារ(ដែលជាអំណោយប្រជាពលរដ្ឋកូរ៉េខាងត្បូង)ដល់ពលរដ្ឋកម្ពុជា៣៨៦គ្រួសារក្នុងឃុំព្រះផុសនិងឃុំឆ្នាមាន់ ជួបគ្រោះទឹកជំនន់នៅស្រុកគាស់ក្រឡ ដើម្បីចូលរួមចំណែកនិងឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការចែកនិងផ្ដល់ជូនពលរដ្ឋកម្ពុជានេះ បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០ តាមរយៈក្រុមការងារចុះជួយស្រុកគាស់ក្រឡនិងអង្គការគាំពារសកលនៃកម្ពុជា ដែលមានសម្ភារដូចជា អង្ករ ភេសជ្ជៈ ថ្នាំពេទ្យនិងថវិកាជាដើម។
កញ្ញា ជ័យ សុធារ៉ា ប្រធានអង្គការគាំពារសកលនៃកម្ពុជាប្រចាំបាត់ដំបងនិងលោក សុង គ្រួគង្វៀល បានមានប្រសាសន៍លើកឡើងថាគ្រោះទឹកជំនន់នៅឆ្នាំ២០២០ ពិតជាធ្វើឲ្យពលរដ្ឋកម្ពុជា ដែលបានជួបគ្រោះទឹកជំនន់នេះ មានការលំបាកច្រើនទាំងការរស់នៅ ការធ្វើដំណើរទៅទីកន្លែងផ្សេងៗនិងការចេញទៅប្រកបរបររកស៊ី ព្រោះផ្ទះសម្បែង ផ្លូវថ្នល់ ត្រូវបានលិចលង់និងរងការខូចខាត។
ដោយមើលឃើញពីបញ្ហានេះនិងស្របតាមការអំពាវនាវពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបរិច្ចាកថវិកាឬសម្ភារផ្សេងៗ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទើបអង្គការគាំពារសកលនៃកម្ពុជា កៀរគរថវិកាពីប្រភពនានានិងតាមព្រះវិហារសាសនាគ្រិស្ត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌នេះ ហើយក៏វាបានបង្ហាញពីសេចក្តីស្រឡាញ់ផងដែរ។
ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគាស់ក្រឡ បានមានប្រសាសន៍ថាសកម្មភាពមនុស្សធម៌ជួយសង្គ្រោះពលរដ្ឋ ជួបគ្រោះទឹកជំនន់រាជរដ្ឋាភិបាល ផ្ដល់អំណោយបន្តបន្ទាប់ដល់ពលរដ្ឋរងគ្រោះ ហើយក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់សប្បុរសជននានា ដែលសកម្មភាពនេះ គឺបានបង្ហាញពីការសាមគ្គីគ្នា ក្រោមម្លប់នៃសន្តិភាព។
ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹងបញ្ហាជួយពលរដ្ឋនេះ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យបន្ថែមទៀតនូវពលរដ្ឋមានជីវភាពខ្វះខាតខ្លាំង ដើម្បីបន្តផ្ដល់នូវស្បៀងអាហារជូនពួកគាត់ និងកុំមានពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារឲ្យសោះ ហើយសូមអរគុណដល់អង្គការគាំពារសកលនៃកម្ពុជា ចូលរួមជួយពលរដ្ឋកម្ពុជា ដែលបានជួបបញ្ហាគ្រោះទឹកជំនន់នៅស្រុកគាស់ក្រឡនេះ។រួមជាមួយនឹងអំណោយមនុស្សធម៌ របស់អង្គការគាំពារសកលកម្ពុជា ឯកឧត្តម ឡាំ ជានិងសហការី ក៏បានផ្ដល់នូវថវិកាមួយចំនួន ដល់ពលរដ្ឋជិត ៤០០គ្រួសារ ដែលមកទទួលអំណោយនេះផងដែរ ៕ដោយៈអ៊ុងសារុំ