វីដេអូមួយត្រូវបានផុសចេញពីក្នុងប្រទេសថៃ បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ដែលបង្ហាញពិធីបុណ្យសពមួយ បែរប្រែទៅជាភាពសប្បាយរីករាយ ដោយមានស្រីស្អាតៗ មករាំចាក់ក្បាច់នៅមុខមឈូសអ្នកដែលបានស្លាប់យ៉ាងគគ្រឹកគគ្រេង។
បើតាមប្រភពវីដេអូ បានឲ្យដឹងថា លោក Kritsana Wongkasem អាយុ ៤៦ ឆ្នាំ ជាជាងជួលជុលម៉ូតូ និងក៏ជាអ្នកស្ម័គ្រចិត្តនៃសមាគមសង្គ្រោះនេនកែវ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
ពិធីបុណ្យសពរបស់ Kritsana ត្រូវបានធ្វើឡើងនៅឯវត្ត Chinavas ទីក្រុង Suphanburi ដោយមានក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ក្រុមការងារស្ម័គ្រចិត្ត និងព្រមទាំងអ្នកស្រុកអ្នកភូមិដែលគោរពស្រឡាញ់ មកចូលរួមកាន់ទុក្ខសពរបស់លោកផងដែរ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺក្រោយពេលព្រះសង្ឃសូត្រធម៌ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពរួច ស្រាប់តែឃើញស្ត្រីម្នាក់ប្រហែលត្រូវជាបងស្រីបានមកគោះមឈូស Kritsana ហើយស្របពេលនោះ តន្ត្រីក៏បានប្រគុំឡើង។ ភ្លាមៗនោះ គេក៏បានឃើញស្រីស្អាតក្រុមរាំ ៣ នាក់ បានចូលខ្លួនមកអុជធូប រួចចាប់ផ្តើមបញ្ចេញក្បាច់រាំពីមុខមឈូស Kritsana ឡើងកក្រើកក្នុងវត្តតែម្តង។
យ៉ាងណាមិញ បើងាកមកដឹងពីការពិតចំពោះរឿងដ៏ចម្លែកនេះ Kannikar Charoenphon អាយុ ៣៦ ឆ្នាំ ត្រូវមិត្តរួមក្រុមការងារ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំក្រុម «កូយូតេ coyote» មករាំមុខមឈូសបែបនេះ គឺដោយសារ Kritsana ជាមនុស្សម្នាក់មានចរិតល្អ ចូលចិត្តលេងសប្បាយ និងពិសេសគឺចូលចិត្តអ្នករាំកូយូតេខ្លាំងណាស់។ ហេតុនេះ ពួកគេក៏បានធ្វើតាមការសន្យារបស់គាត់ទៅ។
គួរបញ្ជាក់ថា ការរាំនៅមុខមឈូសសពបែបនេះ គឺមិនមែនជារឿងចម្លែកថ្មីនៅក្នុងប្រទេសថៃ ព្រោះថាកន្លងៗមក គេក៏ធ្លាប់បានឃើញស្រីស្អាតរាំនៅពីមុខបច្ឆា ដើម្បីជូនដំណើរសពជាលើកចុងក្រោយផងដែរ៕ ដោយ៖ លឹម ហុង