ភ្នំពេញ៖ ដោយសាររងការគំរាមកំហែងពីជំងឺកូវីដ-១៩ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) បានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយរៀបចំពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០២០ តាមប្រព័ន្ធអនឡាញ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដើម្បីឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាព ពីការរីករាលដាលនៃកូវីដ-១៩។
ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០នេះ ដោយរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ពីរគឺ ការរើសបុគ្គលិក និងរកការងារអនឡាញ ព្រមទាំងការបង្ហាញរបស់ក្រុមហ៊ុនធំៗដោយផ្ទាល់ សម្រាប់អ្នកស្វែងរកការងារ និងអ្នកមានតម្រូវការកម្លាំងពលកម្ម។ ពិព័រណ៍នេះ គឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធ ក្នុងទីផ្សារការងារ ពិសេសនិយោជក ដែលកំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មងើបឡើងវិញ ហើយនឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្ម ក្នុងរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួលពីរ៖
*ទី១៖ និយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។
*ទី២៖ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ។
គួរបញ្ជាក់ថា សិស្សនិស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ ទីភ្នាក់ងារជាតិមុខរបរ និងការងារសូមលើកទឹកចូលរួមឲ្យបានច្រើនកុះករ ក្នុងពិព័រណ៍ការងារនេះ និងសូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ សម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ ដោយ ៖ CEN