គ្រប់គ្នានៅលើបណ្តាញសង្គម ពិតមានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ និងសម្តែងនូវកាសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងដ៏ក្រៀមក្រំថា សិល្បករជើងចាស់លោក នី សាលឿន ម្ចាស់បទ «ស្នេហ៍ក្នុងសុបិន្ត» បានទទួលមរណភាពក្នុងអាយុ ៥៤ ឆ្នាំ ដោយរោគាពាធ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់តារាចម្រៀង ដួង វីរៈសិទ្ធ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបង្ហោះឲ្យដឹងថា៖«ថ្ងៃនេះខ្ញុំបាទបានទទួលដំណឹងដ៏សែនក្រៀមក្រំថា លោកពូ នី សាលឿន ម្ចាស់បទ«ស្នេហ៍ក្នុងសុបិន» ដែលខ្ញុំបាទបានយកមកច្រៀងឡើងវិញ បានទទួលលាចាកលោកទៅហើយ។ ក្មួយពិតជារន្ធត់ចិត្តនិងសោកស្ដាយក្រៃលែងជាការបាត់បង់រៀមច្បងសិល្បករដែលពោរពេញដោយទេពកោសល្យសិល្បៈរបស់ប្រទេសជាតិយើង។
ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូ នី សាលឿនផង និងសូមឲ្យវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សំឡេងដ៏ក្រអួនក្រអៅរបស់លោកពូនៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ជារៀងរហូត។ ខ្ញុំបាទ សូមឱនកាយគោរពវិញ្ញាណក្ខន្ធ លោកពូ នី សាលឿន ពីចម្ងាយ សូមក្រុមគ្រួសារ លោកពូ នី សាលឿន ទទួលការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ដួង វីរៈសិទ្ធ ដោយអនុគ្រោះផង»៕ ដោយ៖ លឹម ហុង