ខេត្តព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងវិស័យឯកជន ឲ្យរួមសហការគ្នាលើការងារសំអាតអនាម័យបរិស្ថាននាទីប្រជុំជនមួយនេះ ឲ្យបានទាំងអស់គ្នា ដើម្បីប្រឡងប្រណាំង ឬឈ្នះជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ និងឈ្នះជ័យលាភីទីក្រុងស្អាតនៅតំបន់ទេសចរណ៍អាស៊ាននាថ្ងៃខាងមុខ។
នាឱកាសដឹកនាំ មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ ទាំងស្ថាប័នស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន សិស្សនិស្សិត ប្រជាពលរដ្ឋ និងវិស័យឯកជននានា ឲ្យចូលរួមសំអាតអនាម័យបរិស្ថានក្នុងទីក្រុងឲ្យមានសោភណ្ឌភាព កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរចូលមកដល់មូលដ្ឋាននេះ ឲ្យចូលរួមជួយថែរក្សាអនាម័យបរិស្ថាន ឲ្យបានជាប្រចាំទាំងអស់គ្នា។
ឯកឧត្តម យន្ត មីន ទទួលស្គាល់ថា បច្ចុប្បន្នភាព នៃទីក្រុងព្រះសីហនុសព្វថ្ងៃនេះ គឺបញ្ហាការបំពុលបរិស្ថាន និងការគ្រប់គ្រងកាកសំណល់រឹងរាវ ឬសំរាម នៅមិនទាន់បានល្អនោះទេ ដែលចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យេកជននានា ឲ្យបានទាំងអស់គ្នា ទើបការងារថែរក្សាអនាម័យបរិស្ថាន នៅខេត្តទេសចេណ៍មួយនេះទទួលបាលទ្ធផលល្អនាថ្ងៃអនាគត។
កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ គេសង្កេតឃើញវត្តមាន អភិបាលក្រុង-ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាចុះសំអាតអនាម័យបរិស្ថាន នៅតាមផ្លូវសាធារណៈ និងទីប្រជុំជនមួយចំនួន។
នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឆ្លៀតពេល អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិត និងវិស័យឯកជន ឲ្យចូលរួមលើការងារសំអាត និងថែរក្សាអនាម័យបរិស្ថាននេះជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ ដើម្បីជម្រុញឲ្យបរិស្ថានក្នុងទីក្រុងមានអនាម័យ និងសោភណ្ឌភាពល្អ ឈានទៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ បានកាន់តែច្រើននាបណ្តាឆ្នាំខាងមុខទៀត៕ ដែន សីមា