ជាការពិតណាស់ មនុស្សខ្លះពេលរៀបការ ជាពិសេសក្នុងអំឡុងនៃវេលាក្រាបសំពះផ្ទឹម ត្រូវបានប្រទះឃើញស្រាប់តែស្រក់ទឹកភ្នែកឥតឈប់ឈរ ដែលធ្វើឲ្យអ្នកចូលរួមសឹងតែយំតាម។ ប៉ុន្តែ នៅពេលដឹងការពិត គឺការយំនោះបានកើតឡើងដោយសារស្រណោះខ្លួនឯង ជាកូនកំព្រាគ្មានឪពុក ឬម្តាយ ឬគ្មានវត្តមានអ្នកទាំងពីរ មកចូលរួមក្នុងថ្ងៃដ៏វិសេសវិសាលមួយនេះរបស់កូន។ ប៉ុន្តែ រឿងនេះគេធ្លាប់កត់សម្គាល់ឃើញតែទៅលើកូនក្រមុំប៉ុណ្ណោះ។
ដោយឡែក វីដេអូមួយបង្ហាញពីកូនកំលោះកូនក្រមុំថ្មីថ្មោង១គូ ដែលបានរៀបការកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញកូនកំលោះស្រាប់តែយំសស្រេកសស្រាក់ដូចកូនក្មេង ក្នុងវេលាក្រាបសំពះផ្ទឹមចងដៃ ដែលធ្វើឲ្យកូនក្រមុំកើតការងឿងឆ្ងល់ទឹកមុខស្រពាប់ស្រពាន់ហាក់មិនសប្បាយចិត្តជាខ្លាំង។ តែយ៉ាងណា គេពុំបានដឹងពីមូលហេតុ ឬ អ្វីដែលស្ថិតនៅពីក្រោយនៃការសម្រក់ទឹកភ្នែករបស់កូនកំលោះរូបនោះទេ។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានលេងសើចចំអន់ឲ្យកូនកំលោះយ៉ាងដូច្នេះថា៖ «បានចោលរោងការនៅយំទៀតអាប៉ិនេះ សង្ស័យយំស្តាយព្រហ្មចារ៉ាម៉ង, អាណិតណាស់ សង្ស័យពេលយប់ភ័យណាស់មើលទៅ, មិនចង់ផងបង្ខំគ្នាយ៉ាប់តែម្ដងហើយ ចប់ប៉ាដោយយប់នេះហិហិ, ម៉ែឱ្យយកប្រពន្ធ តែចិត្តចង់បានប្តី, សង្ស័យការប្រពន្ធនឹកសង្សារទេមើលទៅ,…»។
ជាមួយរឿងដ៏ចម្លែកនេះផងដែរ គេក៏បានឃើញគណនីហ្វេសប៊ុកនារីម្នាក់ឈ្មោះ «អានី អានី» បានចែករំលែករឿងបងប្រុសខ្លួនយំដូចនេះដែរថា៖ «នឹកឃើញដល់បងប្រុសរបស់ប្អូនសែនចងដៃ យំនោះយំ ខាងកូនក្រមុំអត់យំផង។ ម៉ែឲ្យពួកខ្ញុំចូលទៅលួងកុំឲ្យយំ អ្នកទៅលួងក៏យំទាំងអស់គ្នាថែមទៀត»៕ ដោយ៖ លឹម ហុង