ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានស្នើឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងចែកចាយបន្ត ចំពោះសារមួយនិយាយអំពីរោគសញ្ញា នៃការឆ្លងជំងឺកូវីដ១៩ ដែលកំពុងចែកចាយលើបណ្ដាយសង្គមហ្វេសប៊ុក។ ដោយនៅក្នុងសារនោះបានសរសេររៀបរាប់ពីរោគសញ្ញាផ្សេងៗគ្នា រាប់ពីថ្ងៃឆ្លងដំបូងរហូតដល់ថ្ងៃទី១៤ បន្ទាប់ពីបានឆ្លង។
ពាក់ព័ន្ធនឹងសារនោះ ក្រសួងសុខាភិបាលបានប្រកាសសុំច្រានចោលនូវការផ្សាយនេះ ដែលអាចបង្កឲ្យមានការយល់ច្រឡំដល់ប្រជាពលរដ្ឋ។
ដើម្បីចៀសវាងការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានស្នើសុំកុំចែកចាយបន្តដែលធ្វើឲ្យមានការយល់ច្រឡំ ។ ក្រសួងបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងខ្លីថា “វាមិនសំខាន់ក្នុងការដឹងចំនួនលើកទី១មួយ ឬទីពីរនោះទេ សំខាន់គឺតើមានវិជ្ជមានដែរទេ? អរគុណ”៕ដោយ៖បញ្ញាស័ក្តិ