បាត់ដំបង៖ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការចាត់វិធានការនានា ដើម្បីបង្ការទប់ស្កាត់ នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាល សំដៅថែរក្សានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិទាំងមូលរបស់យើង។
ការលើកឡើងនេះ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២០ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង ។
ទិវានេះ បានប្រារព្ធធ្វើឡើងនៅមុខសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ រួមជាមួយនិងថ្នាក់ដឹកនាំមន្ត្រីរាជការទូរទាំងខេត្ត និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃព្រះមេគណខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអានសារលិខិតទាំងស្រុង និងបានថ្លែងថា ៩វិច្ឆិកាជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្ត្រ នៃការប្រកាសឯករាជ្យពេញលេញ របស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ប្រជារាស្ត្ររបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមនិយមបារាំង។ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ ។ ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់គ្នា ចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈនិងការអភិវឌ្ឍជាតិ។ ប្រការនេះ បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំ គ្រប់ផ្នែក គ្រប់វិស័យធ្វើឲ្យកិត្យានុភាព របស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោក ក្នុងនោះខេត្តបាត់ដំបង ក្រោមការណែនាំ និងតម្រង់ទិសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដមបង បានធ្វើឲ្យខេត្តបាត់ដំបងមានការរីកចម្រើនលើគ្រប់វិស័យ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ។ ស្ថិតក្នុងស្ថានភាពនៃរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកើតឡើងវិញនៅរាជធានីភ្នំពេញ រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះផ្សព្វផ្សាយ និងអប់រំនូវវិធានការ ការពារនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសរាល់ការជួបជុំគ្នាក្នុងពិធីផ្សេងៗ និងការបិទក្លឹបកំសាន្ត ជាពិសេសជំរុញការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រកាន់ខ្ជាប់អនាម័យជាប់ជានិច្ច ៕
ដោយ៖អ៊ុងសារុំ