ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពក្មេងប្រុសម្នាក់ ចូលរួមប្រណាំងកង់ ជាមួយកង់កញ្ចាស់ សូម្បីគ្មានមួកការពារ និងស្បែកជើង បានកំពុងអង្រួនចិត្ត អ្នកលេងហ្វេសប៊ុកគ្រប់គ្នា។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «ស្រី បារមី» ដែលជាអ្នកថតរូបប្អូនប្រុសពីទីកន្លែងប្រណាំងកង់ផ្ទាល់ បានរៀបរាប់ឲ្យដឹងថា ៖«ពូសូមសរសើរក្មួយដោយស្មោះអស់ពីចិត្តពិតមែន ថ្វីបើមិនបានលេខ១ក៏ដោយ(តាមពិតទៅបើមិនមានបញ្ហាប៉ះដៃកង់គ្នាបានលេខ១ហើយ) តែនេះទើបសមជាទឹកចិត្តអ្នកកីឡាពិតៗ ត្បិតតែជិះកង់ដ៏កញ្ចាស់ហើយអត់ហ្វ្រាំមុខនិងស្បែកជើងទៀត ហើយក៏សូមអរគុណថ្នាក់ដឹកនាំក្រុមកង់ក១៥៧ជំនួសគាត់ផងចុះ ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភគាត់ ម្យ៉ាងទៀតក៏សង្ឃឹមថា គាត់នឹងខំប្រឹងប្រែងតបស្នងដល់ម្ចាស់ជំនួយ និងដើម្បីជាតិសាសន៍យើងនាថ្ងៃអនាគត តែកុំភ្លេចការសិក្សាណាក្មួយថ្នាលកង់ជាតិយើង គឺចេញពីពួកគាត់នេះហើយ»។
ជាមួយគ្នានេះផងដែរ ក្រោយពីបានមើលឃើញពីតស៊ូ និងសេចក្តីក្លាហានដ៏មុះមុត បើទោះជាគ្មានកង់ទំនើប តែព្យាយាមពុះពារដើម្បីចង់ទទួលបានជ័យជំនះបែបនេះ បងប្រុសម្នាក់ ដោយក្តីអាណិតខ្លាំងពេក ក៏បានទិញកង់ថ្មី១គ្រឿងយកទៅប្រគល់ជូនប្អូនប្រុសដើម្បីជាការលើកទឹកចិត្ត និងភ្ជាប់សារមួយឃ្លាថា៖ «ឡូវនេះខ្ញុំបានរកឃើញក្មេងប្រុសម្នាក់នឹងហើយ ខ្ញុំបានទិញកង់ថ្មីឲ្យគាត់ចំពោះការប្រឹងប្រែងនិងអត្តចរិតល្អរបស់គាត់»។
លើសពីនេះ អ្វីដែលធ្វើឲ្យយើងគ្រប់គ្នាកាន់តែអាណិតខ្លាំងទៀតនោះ គឺជីវភាពគ្រួសាររបស់ប្អូនប្រុស ពិតជាក្រលំបាកខ្លាំង ដោយផ្ទះតូចទ្រុឌទ្រោម ហើយម្តាយក៏មានជំងឺសរសៃប្រសាទទៀត ខណៈឪពុកជាកម្មករសំណង់រកបានសឹងតែពុំគ្រប់ហូបចុកប្រចាំថ្ងៃផងនោះ។ តែយ៉ាងណា ប្អូនប្រុស ពេជ្រ ធារ៉ា អាយុ ១៤ ឆ្នាំ គាត់បានប្រាប់ថា គាត់ពុំចង់បានអ្វីទេ តែចង់បានសម្ភាសិក្សាប៉ុណ្ណោះ ហើយទៅថ្ងៃអនាគាតចង់ធ្វើទាហាន ដើម្បីបម្រើប្រទេសជាតិ។
សូមបញ្ជាក់ថា ប្អូនប្រុស ពេជ្រ ធារ៉ា បានទទួលចំណាត់ថ្នាក់លេខ៦ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣០ ម៉ឺនរៀលផងដែរ៕ ដោយ៖ លឹម ហុង