ថៃ៖ ស្ត្រីម្នាក់នៅក្នុងប្រទេសថៃ បានរងរបួសបាក់ជើងគួរឲ្យរន្ធត់ បន្ទាប់ពីគាត់បានរត់ទៅជួយចៅរបស់គាត់ ដោយធ្វើជាខែលការពារចៅប្រុសរបស់ខ្លួន ពីការវាយប្រហារពីសំណាក់មេគោ១ក្បាល បន្ទាប់ចៅរបស់គាត់បានចូលទៅជិតកូនរបស់វា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ពិតជារំភើបជាខ្លាំង នៅពេលវាបានឃើញកូនគោជាលើកដំបូង ហើយនៅពេលនោះ វាក៏បានរត់សំដៅទៅកាន់កូនគោនោះ។ ប៉ុន្តែ មេរបស់វាដែលនៅជិតនោះ ប្រហែលគិតថាក្មេងប្រុសតូចនោះចូលមកយាយីកូនរបស់វា ជាហេតុធ្វើឲ្យវាស្ទុះមកវាយប្រហារភ្លាមៗតែម្តង។ ឃើញដូច្នោះ ស្ត្រីជាយាយក៏បានរត់មកជួយដោយដាក់ខ្លួនគាត់នៅចន្លោះរវាងចៅប្រុស និងមេគោ។ តែយ៉ាងណា គាត់ក៏បានរងរបួសធ្ងន់ធ្ងរពីហេតុការណ៍នេះ ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុក Nang Rong ខេត្ត Buriram។
ស្ត្រីរងគ្រោះមានឈ្មោះ Somjit Kodmonka អាយុ ៤៩ ឆ្នាំ (របួសបាក់ជើងឆ្វេង) និងនៅមានរបួសជាច្រើនកន្លែងទៀតនៅលើខ្លួន។ ចំណែកចៅប្រុសរបស់គាត់ អាយុ ១ ឆ្នាំ បានរងរបួសដាច់ក្រចកដៃអស់១ និងរបួសនៅលើខ្នង។ ហើយទាំងយាយ និងចៅ ក៏ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្បែរនោះផងដែរ។
ស្ត្រីឈ្មោះ Pisamai Yuthakul អាយុ ៥៣ ឆ្នាំ ដែលត្រូវជាបងស្រីបង្កើតរបស់ Somji បានបញ្ជាក់ប្រាប់ឲ្យដឹងថា Somji និងចៅ រស់នៅក្នុងទីក្រុងបាងកក។ ពួកគេបានទៅលេងផ្ទះរបស់គាត់នៅឯស្រុកកំណើត នៅក្នុងខេត្ត Buriram។ នៅព្រលឹមស្រាងៗ គាត់បានកំពុងធ្វើអាហារពេលព្រឹកនៅក្នុងផ្ទះបាយ ហើយខណៈពេលនោះ Somji និងចៅប្រុស បន្ទាប់ក្រោកពីគេង ក៏បានដើរចូលទៅមើលនៅក្នុងសួនក្រោយផ្ទះ។ តែយ៉ាងណា មួយសន្ទុះក្រោយមក គាត់ក៏ស្រាប់តែឮសម្រែកឲ្យជួយ ហើយភ្លាមៗនោះ គាត់ក៏បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះបាយ ក៏បានឃើញអ្នកស្រី Somji កំពុងឱបចៅ ក្នុងសកម្មភាពធ្វើជា «ខែល» ការពារចៅពីការវាយប្រហាររបស់មេគោ ដែលកំពុងប្រើស្នែងរបស់វាជល់គាស់យ៉ាងសាហាវ។ អ្នកស្រី Pisamai ពិតជាស្លុតរន្ធត់ជាខ្លាំង ហើយភ្លាមៗនោះ គាត់ក៏បានទាញមេគោរបស់ខ្លួនចេញពីកន្លែងវាយប្រហារ។
អ្នកស្រី Somjit បានប្រាប់បងស្រីឲ្យដឹងថា ចៅប្រុសរបស់គាត់ នៅពេលឃើញកូនគោ វាពិតជារំភើបខ្លាំង ហើយក៏បានដើរសំដៅទៅរកវា។ ប៉ុន្តែ នៅពេលនោះ មេរបស់វាប្រហែលគិតថាចៅរបស់គាត់ ចូលមកយាយីកូនរបស់វាៗ ក៏ស្ទុះមកវាយប្រហារយកស្នែងគ្រវាត់ចៅរបស់គាត់ហើរលើអាកាសតែម្តង។
នេះជាមេរៀនមួយ ដែលអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ឬ មិនថាតែខ្លួនឯងនោះទេ ព្រោះថា សត្វមិនថាជាប្រភេទអ្វី គឺវាការពារកូនរបស់ពួកវាខ្លាំងណាស់៕ ដោយ៖ លឹម ហុង