ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រីចំនួន៩នាក់ ដែលរងគ្រោះដោយសារសាធាតុគីមីសាស្ត្រ នៃគ្រប់បែកគីមីរបស់អាមេរិករ ហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក បានធូរស្រាលឡើងវិញនេះបើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរពេទ្យ ស្រុក រមាសហែក។
គួររំលឹកផងដែរថា៖កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៩នាក់ ភាគច្រើនជាមនុស្សស្រី បាននាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូង ក៏ប៉ះចំអាវុធគីមីរបស់អាមេរិក ធ្វើឲ្យមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក រមាសហែក ខេត្តស្វាយរៀង។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៩នាក់នោះរស់នៅភូមិ ព្រៃក្តី ឃុំគគីរ ស្រុកមាសហែកខេត្តស្វាយរៀង បាននាំគ្នាសម្អាតស្មៅចំការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក៏ប៉ះចំគ្រាប់បែកគីមី ដែលកន្លងមកក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ មិនធ្លាប់បានរុករកគ្រាប់បែកគីមីនៅឡើយនោះទេ។
លោកបានបន្តទៀតថា៖ ប្រជាពលរដ្ឋទាំង៩នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលមានអាការៈថប់ដង្ហើម រមាស់លើស្បែក ក្តៅក្រហល់ក្រហាយ និងទន់ដៃទន់ជើង៕ វ៉ៃកូ