ថៃ ៖ នេះជារឿងស្នេហាដ៏ស្មោះមួយ ដែលឃើញហើយពិតជារំជួលចិត្តខ្លាំងណាស់ ខណៈខាងប្រុសបានសម្រេចចិត្តរៀបការនឹងសពគូដណ្តឹង ដើម្បីបំពេញតាមការសន្យារបស់នាង កាលពីនាងនៅមានជីវិត។
បើតាមសារព័ត៌មានថៃ sanook បានចុះផ្សាយឲ្យដឹងថា រូបភាពរៀបមង្គលការដ៏ក្រៀមក្រំបំផុតមួយ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធឺណិតរំជួលជាខ្លាំង ខណៈកូនកំលោះអាយុ ១៩ ឆ្នាំ សម្រេចចិត្តរៀបការនឹងសពកូនក្រមុំអាយុ ១៦ ឆ្នាំ នៅក្នុងពិធីបុណ្យសពរបស់នាង។
កូនក្រមុំមានឈ្មោះ Nong Gift អាយុ ១៦ ឆ្នាំ ត្រូវបានដឹងថា នាងមានកើតមានជំងឺរោគឆ្លងក្នុងឈាម ប៉ុន្តែ ដោយសារការវះកាត់ពុំជោគជ័យ នាងក៏បានស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
មិត្តប្រុសរបស់នាងដែលមានឈ្មោះថា Om អាយុ ១៩ ឆ្នាំ បាននិយាយថា គាត់ និងមិត្តស្រីបានស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយមានការដឹងឮទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ ហើយពួកគេក៏បានកំណត់ថ្ងៃចូលរោងការនៅក្នុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ ប្អូនប្រុស Om បន្តថា មិត្តស្រីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយតែងទៅពេទ្យរហូត ។ តែអ្វីដែលឲ្យតក់ស្លុតខ្លាំងនោះ គឺនៅថ្ងៃទី៤ ខែតុលា គ្រូពេទ្យប្រាប់ថា នាងឆ្លងមេរោគនៅក្នុងចរន្តឈាម ដែលឱកាសមានជិវិតរស់រានមានជីវិតពី ៥០ ទៅ ៥០ ប៉ុណ្ណោះ។
រហូតរោគសញ្ញាកាន់តែអាក្រក់ទៅៗ ហើយដោយដឹងថាខ្លួននឹងច្បាស់ជាមិនអាចត្រូវបានសង្គ្រោះជីវិតបាន Nong ក៏បានសួរថា «តើបងអាចរៀបការនឹងអូនបានទេ» នៅពេលនោះ Om ក៏បានយល់ព្រម នៅចំពោះមុខសាច់ញាតិទាំងអស់គ្នា។ ហើយនៅទីបំផុត រូបគេពិតជាធ្វើបានតាមការសន្យា ដែលធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ក្តុកក្តួលរំជួលចិត្ត និងស្ងើចសរសើរពីទំហំនៃក្តីស្រឡាញ់របស់គាត់ រហូតដល់ថ្នាក់លើកឡើងថា តើមានបុរសប៉ុន្មាននាក់ដែលមានស្នេហាស្មោះពិតបែបនេះ។
អ្នកស្រី Samlak អាយុ ៤៨ ឆ្នាំ ត្រូវជាម្តាយរបស់ Om បាននិយាយថា ទំនាក់ទំនងរវាងកូនទាំងពីរ គឺក្រុមគ្រួសារទាំងសងខាងបានដឹងឮទាំងអស់គ្នា ហើយពួកគាត់បានចូលស្តី Nong ដោយឲ្យថ្លៃបណ្ណាការចំនួន ៤០ ម៉ឺនបាត (ស្មើនឹង ១៣០០០ ដុល្លារ)៕ ដោយ៖ លឹម ហុង