ខេត្តព្រះវិហារ ៖ ក្រុមហ៊ុនអេមរុ រ៉ាយស៍ និងតំណាងសហគមន៍កសិកម្មទាំង១៥ នៅខេត្តព្រះវិហារកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ បានជួបចរចាតម្លៃគោលស្រូវសរីរាង្គ ដែលភាគីទាំងពីរបានចុះកិច្ចសន្យាកាលពីដើមរដូវ។
ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទអង្ករស ក្នុងបរិមាណប្រហែល១៥ ០០០តោន ហើយក្រុមហ៊ុន អេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់កសិករ ដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។
ការចរចាតម្លៃគោលស្រូវសរីរាង្គនេះ ទទួលបានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ជាមួយនឹងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាដៃគូសហការរបស់អេមរុរ៉ាយស៍ ក្នុងការទទួលទិញស្រូវសរីរាង្គពីបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ទៅតាមកិច្ចសន្យាកសិកម្មដែលបានព្រមព្រៀងគ្នា។
ជាលទ្ធផល ខាងក្រុមហ៊ុន និងខាងសហគមន៍ បានឯកភាពគ្នា និងកំណត់កាលបរិច្ឆេទការទិញលក់ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា នេះតទៅ។
គួរបញ្ជាក់ថា សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។
គម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមនៅខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៤ ដែលដំបូងឡើយមានការចូលរួមពីសហគមន៍ចំនួន៨ ហើយគិតមកទល់ឆ្នាំ២០២០នេះ នៅខេត្តព្រះវិហារ មានសហគមន៍ចំនួន២២ ហើយដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍។
ការចុះកិច្ចសន្យាកសិកម្មជាមួយនឹងសហគមន៍ នឹងជួយធានាបាននូវគុណភាពស្តង់ដារ និងទីផ្សារ សម្រាប់សហគមន៍ ក៏ដូចជាក្រុមហ៊ុនផ្ទាល់ ក្នុងនោះ ផលិតផលកសិកម្មសរីរាង្គររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានការទទួលបាន នូវការបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ EU / NOP ជាដើម៕
ដោយ៖CEN