បន្ទាយមានជ៏យ ៖ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីស៊ីវិលនិងកងកម្លាំងជំនាញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានលើកយកមកដោះស្រាយម្តងទៀតនូវបណ្តឹងរបស់ពលរដ្ឋចំនួន១៣គ្រួសារ ដែលបានប្តឹងឈ្មោះ ពេជ្រ ធឿនហៅ សាមិត្ត វីរ: ដែលអួតអាងថា ជាទីប្រឹក្សាសម្តេច និងដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាលពីខែមករា កន្លងមក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ-ប្រធានគណកម្មការខេត្តដោះស្រាយទំនាស់ដីធ្លីខេត្ត លោកមួង វិបុល អនុប្រធានមន្ទិររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោក កែវ តារារស្មី នាយកទីចាត់ការអន្តរវិស័យខេត្តបានដឹកនាំប្រជុំដោះស្រាយបណ្តឹងដីធ្លីនោះនាសាលាខេត្ត។
សូមបញ្ជាក់ថា គណកម្មការជំនាញនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពលរដ្ឋ១៣គ្រួសារ តំណាងដោយឈ្មោះទឹម សុខគី ដែលបានប្តឹងពីឈ្មោះ ពេជ្រ ធឿនហៅសាមិត្ត វីរ: បានឈូសឆាយរំលោភចូលដីពួកគាត់១៣គ្រួសារលើដីទំហំ៤.៥០០ម៉ែត្រក្រឡា កាលពីថ្ងៃទី១៩មករាឆ្នាំ២០១៨ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
ពលរដ្ឋសំអាងថាដីនោះពួកខ្លួនទិញពីឈ្មោះជុន ម៉ៅ ជាមួយនឹងឯកសារគតិយុត្តិត្រឹមត្រូវ។ ប៉ុន្តែយោងការបញ្ជាក់ពីមេភូមិផ្សារកណ្តាល មន្ត្រីនិងអ្នកពាក់ព័ន្ធអោយដឹងថា ករណីដីពលរដ្ឋ១៣គ្រួសារដែលថា ទិញពីឈ្មោះជុន ម៉ៅ នោះ មិនពាក់ព័ន្ធពេជ្រ ធឿនហៅ សាមីត្ត វីរ: ឡើយ។ ដីឈ្មោះជុន ម៉ៅ នោះដាច់ដោយឡែកពីគ្នានឹងដីរបស់ឈ្មោះពេជ្រ ធឿន ។
ឯដីរបស់ពេជ្រ ធឿន មានវិវាទជាមួយឈ្មោះ ខៀវ ស៊ីណាត អ្នកផ្សេងទៀត ហើយបានប្តឹងទៅតុលាការទាំង៣ថ្នាក់ ហើយក៏បានការចេញសាលក្រមនិងសាលដីកាបន្តបន្តបន្ទាប់ដែរ។
ទោះយ៉ាងណា ម្ចាស់ដើមបណ្តឹងនិងចុងចម្លើយទាំងមកចូលរួមប្រជុំដោះស្រាយ ទាំងមិនមក ក៏ត្រូវបានគេអះអាងថា ដីធ្លីពួកគាត់មានលិខិតស្នាមបញ្ជាក់និងកំណត់ហេតុវាស់វែងដោយមន្ត្រូីអាជ្ញាធរដែនដី មន្ត្រូីជំនាញភូមិបាលក្រុងជាសំអាងនូវភាពស្របច្បាប់នៃការកាន់កាប់។
ប៉ុន្តែនៅពេលប្រធានអង្គប្រជុំ គឺលោក លី សារី បានសួរនិងអោយមន្ត្រីនិងពលរដ្ឋដែលមានវិវាទបំភ្លឺ ពួកគេឆ្លើយរតាក់រតុប មិនច្បាស់លាស់ឡើយ។ដូចជាថា ការវាស់ដីធ្លីនោះ គ្មានមូលដ្ឋានគតិយុត្តិនិងសមស្របតាមបច្ចេកទេសឡើយ។
ដូច្នេះភាពមិនប្រក្រតីនេះ បង្កជាឧបសគ្គដល់ដំណោះស្រាយវិវាទដីធ្លីនេះ។ ហើយ ករណីមានឈ្មោះ ពេជ្រ ធឿនហៅសាមិត្ត វីរ: ដែលអួតអាងថាជាទីប្រឹក្សាឬជំនួយការខ្យល់របស់សម្តេច ហើយទៅកាងឬរំលោភបំពានលើដីធ្លីដូចជាឈួសឆាយ ដាំបង្គោលរបងទៀតនោះ វារឹងរឹតតែបង្កភាពស្មុគ្រស្មាញ។ ប៉ុន្តែ ករណីនេះអាចធូរស្រាលបន្តិចវិញដែរ ក្រោយការអះអាងថា សមត្ថកិច្ចអហបានចាប់ខ្លួនឈ្មោះពេជ្រ ធឿនហៅសាមិត្ត វីរ: កាលពីខែមុន។
ហេតុនេះ ប្រធានអង្គប្រជុំបានស្នើអោយភាគីដើមបណ្តឹង ចុងចម្លើយនិងមន្ត្រីពាក់ព័ន្ធពិនិត្យនិងធ្វើកោសល្យវិច្ច័យលើលិខិតរដ្ឋបាលនានាដែលបានចេញក្នុងអំឡុងក្រុងប៉ោយប៉ែតគ្រប់គ្រងដោយរដ្ឋបាលលោកង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងរឿងវិវាទដីធ្លីជាមួយឈ្មោះពរជ្រ ធឿននេះទៀត ក៏មានដើមបណ្តឹង ១ភាគីទៀតគឺលោក អ៊ឹង ប៊ុនហួរ ដែលប្តឹងសុំអន្តរាគមន៍ជួយវាស់វែងបោះបង្គោលកំណត់ព្រំដីរបស់គាត់មានផ្ទៃសរុបចំនួន៨០ល្វែង ដែល១ល្វែងទំហំ២០មគុណ៤ម ស្ថិតនៅទីតាំថភូមិ-សង្កាត់ផ្សារកណ្តាលនោះដែរ៕ ដោយ ៖ បន្ទាយ