នេះជាខណៈពេលដ៏ស្រៀវសាច់ជំនួសខ្លាំងណាស់ ខណៈដែលឃើញក្មេងប្រុសម្នាក់អាយុប្រហែល ៧, ៨ ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ហោះម៉ូតូយ៉ាងស្ទាត់ជំនាញ ដោយមិនខ្លាចគ្រោះថ្នាក់សោះឡើយ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញក្មេងប្រុសនោះដែលពុំពាក់មួកសុវត្ថិភាព បានបើកម៉ូតូម៉ាក Honda EX5 ពណ៌ខ្មៅ ខណៈក្មេងប្រុសធំវ័យជំទង់ម្នាក់អង្គុយខាងក្រោយ ចាំជួយទប់ទំនឹងម៉ូតូ ដើម្បីឲ្យក្មេងប្រុសនោះលើកបង្ហោះយ៉ាងងាយៗ និងបញ្ចេញស្ទាយលើម៉ូតូយ៉ាងឡូយ។
តែយ៉ាងណា ក្រោយពីវីដេអូនេះដែលបានថតនៅក្នុងស្រុក Pontian ត្រូវបានរីករាលដាល ហើយពុំត្រឹមមហាជនស្អប់ប៉ុណ្ណោះទេ តែថែមទាំងប្រមាថជីវិតទៀត ប៉ូលីសក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត។
អធិការនគរបាលស្រុក Pontian លោក Mustafa Bakri Salleh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា វីដេអូត្រូវបានទទួលពីទីបញ្ជាការប៉ូលីសរដ្ឋ Johor នៅម៉ោង ៧ យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង។ ហើយជាលទ្ធផល យុវជនអាយុ ១៩ ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសម៉ូតូ១គ្រឿងផងដែរ។
បច្ចុប្បន្នប៉ូលីសកំពុងធ្វើការស៊ើបអង្កេតអនុលោមតាមមាត្រា ៤២ (១) នៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៨៧។ ហើយប្រសិនត្រូវបានផ្តន្ទាទោស នោះជនជាប់ចោទអាចត្រូវបានប្រឈមមុខជាប់ពន្ធនាគាររយៈពេលអតិបរមា ៥ ឆ្នាំ និងពិន័យជាប្រាក់អប្បបរមា ១២០០ ដុល្លារ និងខ្ពស់ឡើងដល់ជាង ៣០០០ ដុល្លារ និងព្រមទាំងដកហូតបណ្ណបើកបើកបរ។
ទន្ទឹមនឹងនេះផងដែរ ប៉ូលីសក៏បានអំពាវនាវសូមឱ្យសាធារណជនគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្នលើដងផ្លូវ។ ក្រៅពីការរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯង នោះក៏ត្រូវរក្សាសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផងដែរ ដើម្បីការពារគ្រោះថ្នាក់៕ ដោយ៖ លឹម ហុង