នៅថ្ងៃទី ១១ ខែកុម្ភៈ រដ្ឋាភិបាលស៊ីរី បានប្រកាសទាត់ចោលការចោទប្រកាន់ថា ខ្លួនមានអាវុធគីមី និងថែមទាំងសង្កត់ធ្ងន់ផងដែរថា ការប្រើប្រាស់អាវុធប្រភេទនេះ គឺគ្មានសីលធម៌ និងពុំអាចទទួលយកបាន។
សេចក្តីប្រកាសខាងលើត្រូវបានលើកឡើងក្នុងស្ថានភាពដែលអាមេរិក បារាំង មានការមន្ទិលសង្ស័យថា ប្រធានាធិបតី Bashar al-Assad បានប្រើប្រាស់ប្រភេទអាវុធហាមឃាត់នេះ ហើយសំណូមពរធ្វើការស៊ើបអង្កេតករណីដោយពុំមានភស្តុតាងអះអាងជាក់លាក់។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA របស់ស៊ីរី បានដកស្រង់សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសស៊ីរី Faisal Mekdad ដែលលើកឡើងច្បាស់ៗថា ៖ “រដ្ឋាភិបាលស៊ីរី ដាច់ខាតបដិសេធពីការចោទប្រកាន់ថា ខ្លួនមានអាវុធគីមី។ យើងខ្ញុំតែងចាត់ទុកការប្រើប្រាស់ប្រភេទអាវុធនេះ គឺអសីលធម៌ និងពុំអាចទទួលយកបាន ទោះក្នុងស្ថានភាពណាក៏ដោយ។
នៅថ្ងៃទី ១៣កុម្ភៈមុននេះ ប្រធានាធិបតីបារាំង Emmanuel Macron ក៏បានព្រមានស៊ីរីថា ៖ បារាំង និងបំផុសឲ្យមានការវាយលុកលើស៊ីរី ប្រសិនបើរកឃើញភស្តុតាងបញ្ជាក់ថា រដ្ឋការក្រុង Damacus បានប្រើប្រាស់អាវុធគីមី។
ស្របពេលជាមួយគ្នានោះអាមេរិកលើកឡើងថា ចាប់តាំងដើមខែមករា ឆ្នាំ ២០១៨ មកទល់ពេលនេះមានករណីវាយលុកដោយអាវុធគីមី Clo យ៉ាងតិច៦លើក នៅតំបន់ត្រួតត្រាដោយពួកឧទ្ទាម ជាហេតុធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស។
មកទល់ពេលនេះរដ្ឋាភិបាលស៊ីរី តែងតែបដិសេធរាល់ការចោទប្រកាន់ពីសំណាក់អាមេរិក និងលោកខាងលិច ចំពោះបញ្ហាអាវុធគីមី។ ដែលថា ត្រូវបានប្រើប្រាស់សម្រាប់វាយលុក ទៅលើកងកម្លាំងប្រឆាំងរដ្ឋាភិបាល។
ខណៈពេលនោះដែរ អង្គការហាមឃាត់អាវុធគីមី (OPCW) ពេលនេះកំពុងស៊ើបអង្កេតរាល់ការចោទប្រកាន់ដែលមានមូលដ្ឋាន” ជុំវិញមន្ទិលសង្ស័យថា មានការប្រើប្រាស់អាវុធគីមី។ ប៉ុន្តែពួកគេពុំទាន់ចេញរបាយការណ៍បូកសរុបករណីនៅឡើយទេ៕ សូយន