ស្ត្រីវ័យកណ្តាលអាយុម្នាក់ បានផ្ទុះកំហឹងទះកំផ្លៀងនារីវ័យ ១៩ ឆ្នាំម្នាក់ យ៉ាងធ្ងន់ៗដៃ បន្ទាប់ពីនារីនោះបានហៅស្ត្រីនោះថា «មីង» ខណៈពេលដើរឆ្លងកាត់ក្នុងផ្សារដ៏អ៊ូអរមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា។
កាសែត Times Of India បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងគឺនៅពេលក្មេងស្រីម្នាក់បាននិយាយនូវពាក្យថា «អត់ទោស មីង» ខណៈនាងព្យាយាមសុំបើកផ្លូវដើរនៅក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុង Etah ប្រទេសឥណ្ឌា។ ប៉ុន្តែ នៅពេលនោះ ស្ត្រីនោះមិនដឹងអន់ចិត្តយ៉ាងម៉េច ក៏ស្រាប់តែស្តីបន្ទោសឲ្យ និងថែមទាំងស្ទុះទៅទះកំផ្លៀងនាងទៀតផង។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីអាយុ ៤០ ឆ្នាំ បាននិយាយបង្កាច់បង្ខូចក្មេងស្រីនោះម្តងហើយម្តងទៀត ដោយរំលោភបំពានពាក្យសំដី ហើយអ្នកទាំងពីរក៏បានវាយតប់គ្នាតែម្តង។ មិនយូរប៉ុន្មាន ហ្វូងមនុស្សបានឡោមព័ទ្ធពួកគេនៅកន្លែងកើតហេតុ និងបានថតបង្ហោះរូបភាពរីករាលដាលនៅលើអ៊ីនធើរណិតកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងវីដេអូ ស្ត្រីជាច្រើនអាចត្រូវបានឃើញព្យាយាមបំបែកការប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងស្ត្រីអាយុ ៤០ ឆ្នាំ និងក្មេងស្រីអាយុ ១៩ ឆ្នាំ មុនពេលដែលអាជ្ញាធរមកដល់ដើម្បីដោះស្រាយស្ថានការណ៍។
ក្រោយហេតុការណ៍កើតឡើង ភាគីទាំងសងខាង ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋានប៉ូលីស ដើម្បីសួរនាំមូលហេតុ។ មន្ត្រីបាននិយាយថា ក្មេងស្រីជំទង់បានហៅស្ត្រីនោះថា “ មីង” បន្ទាប់មកស្ត្រីនោះក៏បានខឹង និងវាយក្មេងស្រីនោះតែម្តង។ តែយ៉ាងណា ក្រោយមក សាច់ញាតិរបស់ពួកគេបានមកដល់ ហើយពួកគេបានដោះស្រាយបញ្ចប់រឿង ដោយគ្មានការប្តឹងផ្តល់គ្នានោះទេ៕ ដោយ៖ លឹម ហុង