ភ្នំពេញ៖ ជាជឿជាក់ថា ប្រិយមិត្តមួយចំនួនធំបានដឹង ហើយមួយចំនួនតូចក៏ពុំសូវចាប់អារម្មណ៍ ថាតើអ្នកណាកាលពីរសៀលថ្ងៃម្សិលមិញនេះ (ថ្ងៃទី១១ ខែវិច្ឆិកា) ជាអ្នកខ្លះខ្នែងយ៉ាងខ្លាំងបំផុត ក្នុងការជួយនាំយក ទ្រី សុផានិត ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយទួលសន្លប់នៅតុលការ។
ពិតណាស់ ក្នុងនោះអ្នកដែលបានខ្នះខ្នែង និងមានការព្រួយបារម្ភខ្លាំងនៅក្នុងហេតុការណ៍នោះ គឺអ្នកនាង Love Riya និងគូស្នេហ៍លោក សូនី ក្នុងការនាំយក ទ្រី សុផានិត ទៅសង្គ្រោះបន្ទាន់ ពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយ ដែលធ្វើឲ្យមហាជនមហាជនសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តជួយយកអាសាររបស់អ្នកទាំងពីរ។
តែទោះយ៉ាងណា ទន្ទឹមនោះផងដែរ ក៏មានមហាជនជាអ្នកទើសមួយចំនួន ក៏បានរិះគន់ទៅទៅលើទង្វើនៃការជួយគ្នាក្នុងគ្រាអាសន្នរបស់ Love Riya ដោយនិយាយបែបនេះថា «តើ Riya ហ្នឹង ត្រូវជាអ្វីនឹង សុផានិត ហេតុអ្វីរាងដូចជាខ្នះខ្នែងដៃជើង អីក៏ចេះម្ល៉េះ រឿងគ្រួសារគេ ទុកឲ្យគេជាអ្នកដោះស្រាយទៅ…»។
យ៉ាងណាមិញ ក្រោយពីបានឃើញពាក្យមនុស្សមួយចំនួនបានធ្វើការរិះគន់ មិនចេញចិត្តនូវទង្វើដែលខ្លួនបានធ្វើ អ្នកនាង Love Riya ក៏បានចេញវីដេអូធ្វើការសុំទោស និងបកស្រាយថា តាមពិតទៅ អ្នកនាងមិនត្រូវអ្វីជាមួយគាត់ទេ ប៉ុន្តែ ដោយសារធ្លាប់នៅក្បែរ ធ្លាប់សប្បាយជុំជាមួយគ្នា អ៊ីចឹងទៅ នៅពេលឃើញគាត់កំពុងជួបទុក្ខបែបនេះ ក៏បានស្រវេស្រវាទៅជួយយកទៅពេទ្យទៅ។ តែយ៉ាងណា អ្នកនាង Love Riya ក៏បានអរគុណដល់បងៗតុលាការ និងសមត្ថកិច្ចទាំងអស់ ដែលបានអនុញ្ញាតឲ្យ ទ្រី សុផានិត បានសម្រាកព្យាបាល ហើយអ្នកនាងក៏សង្ឃឹមថា អ្វីៗគ្រប់យ៉ាងសម្រាប់បងប្អូនអ្នកទាំងពីរ នឹងប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ លឹម ហុង