ភ្នំពេញ ៖ នៅពេលនេះ ក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាស បានរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពត និងខេត្តកោះកុងថា បានបោកប្រាស់ពួកគេក្នុងរឿងដាក់លុយវិនិយោគលើដីធ្លីជាមួយក្រុមហ៊ុន។
ស្របពេលជាមួយគ្នានេះ មានប្រជាពលរដ្ឋប្រមាណជាង១០នាក់ បាននាំគ្នាទៅសុំដកលុយជាង១០ម៉ឺនដុល្លារ ដែលពួកគាត់បានដាក់វិនិយោគជាមួយក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមិនទាន់ឲ្យលុយនោះវិញនៅឡើយទេ។
ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលកំពុងរងការចោទប្រកាន់នេះ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានលោក ហ៊ី គឹមហុង ជាអគ្គនាយក។ ក្រុមហ៊ុននេះបានវិនិយោគលើការទិញលក់ដី និងឲ្យប្រជាពលរដ្ឋដាក់លុយបន្ថែមលើលុយទិញដី ដើម្បីជាថ្នូរបានការប្រាក់១០ភាគរយ ពោលគឺលុយ១ម៉ឺនដុល្លារបានការប្រាក់១ពាន់ដុល្លារក្នុងមួយខែ។
សម្រាប់ប្រជាពលរដ្ឋ ដោយសារតែចង់បានការប្រាក់ពីក្រុមហ៊ុន ពួកគាត់បាននាំគ្នាមកទិញដី និងដាក់លុយវិនិយោគជាមួយក្រុមហ៊ុនជាបន្តបន្ទាប់។ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋប្រាប់អ្នកយកព័ត៌មានគេហទំព័រ CEN តាមទូរស័ព្ទបានឲ្យដឹងថា ពួកគាត់មានគ្នាជាង១០នាក់ មកពីខេត្តកំពត និងខេត្តកោះកុង បាននាំគ្នាមកទីស្នាក់ការក្រុមហ៊ុន ដើម្បីសុំដកលុយវិញដោយសារតែប៉ុន្មានខែហើយ ក្រុមហ៊ុនពុំបានផ្តល់ការប្រាក់តាមកិច្ចសន្យានោះទេ ដោយបានឲ្យប្រាក់ទៅប្រជាពលរដ្ឋបន្តិចបន្តួច ដោយអ្នកខ្លះទទួលបានត្រឹ៥០ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេល៩ខែមកនេះ។
នៅពេលពួកគាត់សុំដកប្រាក់មកវិញខាងក្រុមហ៊ុនមិនព្រមដោះស្រាយជូនទេ ស្របពេលដែលប្រជាពលរដ្ឋទាំងនោះ មានអ្នកខ្លះបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុនចំនួន១ម៉ឺនដុល្លារ ២ម៉ឺនដុល្លារ ៣ម៉ឺនដុល្លារ និងមានខ្លះទៀតដាក់ប្រាក់ច្រើនជាងនេះទៅទៀត។
ដោយឡែក មានអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនផ្សេងៗទៀត បានលើកឡើងស្រដៀងគ្នានៅក្នុង Facebook ថា ពួកគេពិបាកដកប្រាក់ពីក្រុមហ៊ុន ហើយមានអ្នកខ្លះទម្រាំតែដកប្រាក់បានខាងក្រុមហ៊ុនព្រួតគ្នាតិះដៀលប្រមាថជាដើម។
ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់ជាជនរងគ្រោះក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដោះស្រាយដល់ពួកគាត់ផង ពីព្រោះលុយដែលយកមកវិនិយោគជាមួយក្រុមហ៊ុន ពិភពដីមាស គឺបានមកពីការខ្ចីពីធនាគារ។ ករណីនេះ មានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនទៀតដែលបានលង់ខ្លួនដាក់លុយរកស៊ីជាមួយក្រុមហ៊ុន។
ទាក់ទងករណីនេះ អ្នកយកព័ត៌មានគេហទំព័រ CEN មិនអាចសុំការបំភ្លឺពីលោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស បានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ តែទោះជាយ៉ាងណា ក្រោយពេលបញ្ហាបានផ្ទុះឡើង គេឃើញខាងក្រុមហ៊ុន ពិភពដីមាស បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើការតវ៉ា ដោយក្រុមហ៊ុនលើកឡើងថា នេះជាការញុះញង់ជំរុញឲ្យមានការផ្សព្វផ្សាយនូវព័ត៌មាន មួលបង្កាច់បង្ខូចឈ្មោះរបស់ជនអគតិដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះបីខាងក្រុមហ៊ុនចេញសេចក្តីប្រកាសព័ត៌មានបដិសេធយ៉ាងណាក៏ដោយ ប៉ុន្តែការស្នើសុំដកប្រាក់វិញ របស់ប្រជាពលរដ្ឋដែលបានវិនិយោគជាមួយក្រុមហ៊ុន ពិភពដីមាស មានចំនួនកាន់តែច្រើនឡើង ស្របពេលដែលករណីស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងជាបន្តបន្ទាប់ រយៈពេលប៉ុន្មានឆ្នាំមកនេះ។ ជាការកត់សម្គាល់ ភាគច្រើននៃជនរងគ្រោះ គឺសុទ្ធសឹងជាអ្នកស្គាល់គ្នាជិតដិតជាមួយជនសង្ស័យ ឬស្គាល់តាមគ្នាជាដើម និងមានករណីខ្លះទៀតបានកើតឡើងទៅលើបុគ្គលល្បីឈ្មោះក្នុងសង្គម និងអ្នកសិល្បៈល្បីឈ្មោះជាដើម។
សូមរំលឹកថា ក្រុមហ៊ុន ពិភពដីមាស បានវិនិយោគលើការទិញលក់ដី ដោយក្នុងនោះដីចំនួន២ឡូតិ៍ ក្រុមហ៊ុនបានលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃ១ម៉ឺនដុល្លារ ក្រុមហ៊ុនសន្យាផ្តល់ការប្រាក់៣ភាគរយក្នុងមួយខែ មានន័យថា អ្នកដែលទិញដីបានទទួលការប្រាក់៣០០ដុល្លាររយៈពេល១៨ខែ ហើយគ្រប់រយៈពេល២៤ខែ ក្រុមហ៊ុននឹងទិញដីនេះវិញ ដោយអោយប្រាក់ចំណេញ ៣០ភាគរយ ពោលគឺរយៈពេល២៤ខែលុយ១ម៉ឺនដុល្លារ នឹងក្លាយជាលុយ១៣០០០ដុល្លារ។
សម្រាប់លុយ១ម៉ឺនដុល្លារទៀត ដែលដាក់វិនិយោគជាមួយក្រុមហ៊ុន គឺបើប្រជាពលរដ្ឋដាក់កុងត្រា៦ខែ នឹងទទួលបានការប្រាក់១០ភាគរយ ក្នុងមួយខែមានន័យថា បានលុយ១ពាន់ដុល្លារ រៀងរាល់ខែ។ ក្រុមហ៊ុនកំណត់លក្ខខណ្ឌតម្រូវឲ្យទុកលុយនេះ រហូតដល់រយៈពេល៦ខែទើបអាចបើកទាំងដើមទាំងការបានសរុបចំនួន១៦០០០ដុល្លារ។ ប៉ុន្តែផ្ទុយទៅវិញ បើប្រជាពលរដ្ឋមិនចង់ដាក់ទុករហូតដល់៦ខែទេ ពួកគាត់នឹងទទួលបានការប្រាក់៧% ស្មើនឹង៧០០ដុល្លារអាមេរិកជារៀងរាល់ខែ សម្រាប់រយៈពេល៦ខែ ។
នៅពេលអនុវត្តជាក់ស្តែង អស់រយៈពេលជាច្រើនខែមកហើយ ប្រជាពលរដ្ឋពុំបានទទួលលុយការប្រាក់ទៅតាមកិច្ចសន្យានោះទេ គឺពួកគាត់ទទួលបានតិចតួចបំផុត ដោយអ្នកខ្លះទទួលបាន៥០ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេលដល់ទៅ៩ខែមកហើយ។ ហើយនេះគឺជាមូលហេតុតែមួយគត់ដែលធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាមកសុំដកការប្រាក់ និងប្រាក់ដើមពីក្រុមហ៊ុនវិញ ព្រោះខ្លាចក្រុមហ៊ុនបោកប្រាស់៕ ដោយ៖ CEN