នេះជារឿងដ៏ហួសចិត្តនឹកស្មានមិនដល់ និងគួរឲ្យអាម៉ាស់ខ្លាំងណាស់ ខណៈបុរសម្នាក់ព្រោះតែតម្រេកកាមតណ្ហា បានជាប់ផុងក្នុងអន្ទាក់ស្រីស្អាតម្នាក់ ដោយបង្រៀនអីៗពិសេសតាមវិដេអូរួច ហើយចុងក្រោយស្រាប់តែគំរាមទារលុយរាប់រយដុល្លារ ជាថ្នូរលុបវីដេអូចោល ដែលធ្វើឲ្យបុរសរូបនោះភ័យស្លន់ស្លោទាំងយប់។
នេះបើយោងតាមទំព័រហ្វេសប៊ុកឯកឧត្តម ដួង តារា ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះពីករណីដ៏ហួសចិត្តនេះ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យដឹងថា៖ «ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង” ។
មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសំឡេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អ៊ីចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគំរាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។
ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគំរាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគំរាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសឲ្យចេះបង់លុយតាម Western Union ។
សូមបងប្អូន ជាពិសេសយុវវ័យប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។
តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!»។
ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ដែលហាក់មានការយល់ដឹងច្រើនពីល្បិចខូចនេះ ក៏បានចូលរួមពន្យល់ថា៖ «ភាគច្រើនអ្នកបោកនោះជាបុរសទេ វាប្រើវីដេអូ call ទៅដៃគូ ម្ខាងទៀត ហើយប្រហែលវាមាន system បញ្ចូលវីដេអូស្រីចូលអោយយើងមើល រួចធ្វើតាមវា ហើយវាថតទុកគ្រប់សកម្មភាពដើម្បីបោកយកលុយ បើមិនព្រមវានឹងផ្ញើរចូលគ្រប់ friend FB យើង ។ វិធីនេះ វាប្រើនៅអឺរុបឆ្អែតហើយ ទើបមកប្រើនៅខ្មែរ ។ យល់ល្អសូម មានការប្រុងប្រយ័ត្ន គ្មានរបស់អីបានមកស្រួលៗដោយមិនចំណាយកំលាំងនឹងថវិការទេ ។ ហើយបើជ្រុលជាជាប់អន្ទាក់វា មែនគ្រាន់តែ block វាចោលទៅ វាចប់ហើយ វាមិនហ៊ានធ្វើអីទៀតទេ ។ អារឿងហ្នឹងមានយូរហើយ ព្រោះនៅ Singapore គេក៏ធ្លាប់ជួបរឿងចឹងច្រើន ហើយបានខាងក្រសួងរបស់គេបានបង្កើតជាវីដេអូ អំពីរឿងនេះដើម្បីអោយប្រជាពលរដ្ធគេមានការប្រុងប្រយ័ត្ន ទើបតែផ្ទុះនៅខ្មែរ»។ ដោយ៖ លឹម ហុង