Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៖ ច្រានចោល​ការចោទប្រកាន់​ថា អង្ករ​របស់​កម្ពុជា​កំពុង​នាំ​ចេញទៅ​ប្រទេស​អូ​ ​ស្ត្រា​លី​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​

​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ បាន​ច្រានចោល​ការចោទប្រកាន់ ថា​អង្ករ​របស់​កម្ពុជា​ដែល​បាន និង​កំពុង​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។​

​ទាំងនេះ​គឺជា​ការលើកឡើង​របស់ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ហើយ​បានដាក់​ញ្ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​។​
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានការ​ហួសចិត្ត​ចំពោះ​ទង្វើ​ថ្មីៗ​បស់​ជន​អគតិ​មួយក្រុម​តូច ដែលមាន​ចេតនា និង​មហិច្ឆតា​អាក្រក់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ជាពិសេស​ទៅលើ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ ដែល​ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​។​

​ស​ហ័ព​ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើកឡើងថា ទង្វើ​របស់​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន និង​ទឡ្ហីករណ៍​ការពិត​ណា​បន្តិច​សោះ ក្រៅពី​ការចង់​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ ដែល​តំណាងឱ្យ​ប្រជាជន​មួយ​ភាគ​ធំ​ដែលជា​កម្លាំងចលករ​នៃ​សេដ្ឋកិច្ច ហើយ​វិស័យ​ស្រូវ​អង្ករ​នេះ បាន​នឹង​កំពុងផ្តល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ៣៧% ឬ ជាង​៣.២​លាន​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​ជាង ១.៦​លាន​នាក់ ស្រប​ពេលដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ហានិភ័យ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ គ្រោះរាំងស្ងួត​កាលពី​ពាក់កណ្តាល​រដូវវស្សា និង​គ្រោះទឹកជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា​។​
​សហព័ន្ធ​បន្តថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រជាកសិករ ក្នុង​ការដាំដុះ​ដែល​បានធ្វើឱ្យ​កិត្តិនាម នៃ​គ្រាប់​អង្ករ​កម្ពុ​ជាមាន​គុណភាព និង​ត្រូវបាន​ទទួលស្គាល់ថា ជា​អង្ករ​ដែល​ល្អ​បំផុត​លើ​ពិភពលោក តាមរយៈ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ផ្តាច់​គេ នៅលើ​ពិភពលោក ( The World Best Rice ) ក្នុង​ឆ្នាំ ២០១២ ២០១៣ ២០១៤ និង​ឆ្នាំ ២០១៨​។ ការចោទប្រកាន់​ដែល​លើកឡើង​ដោយ​ក្រុម​អគតិ​មួយចំនួន​នោះ​គឺ ជា​ចេតនា​អាក្រក់​ក្នុងការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អង្ករ​ខ្មែរ និង​មោទនភាព​របស់​ប្រជាកសិករ​ខ្មែរ​។​

​សហព័ន្ធ​បន្ថែមថា ប្រជាកសិករ​ខ្មែរ​ដែលជា​ម្ចាស់​ស្រែ​ជាង ២.៥ លាន​ហិកតា ដែលជា​មរតក​ទទួល បាន​ពី​ការបែងចែក​ដោយ​សមធ​ម៌ ក្រោយ​របប​ប្រល័យពូជសាសន៍ ត្រូវបាន​ផ្តួលរំលំ ហើយ​ដែល​បាន​ក្លាយជា​មរតក​ប្រចាំ​គ្រួសារ​នីមួយៗ​នេះ ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការការពារ និង​ផ្តល់​អត្ថប្រយោជន៍​នានា ជាក់ស្តែង​លើ​ការផ្តល់​ប័ណ្ណ​គ្រប់គ្រង​កម្មសិទ្ធិ​ដីធ្លី​ច្បាស់លាស់ ដល់​ប្រជាកសិករ​ជា​ម្ចាស់​ស្រែ ដែល​មិន​អាចឱ្យ​ជន​ណាមួយ​មក​រំលោភបំពាន ឬ​យក​ជា​កម្មសិទ្ធិ​បានឡើយ ផ្ទុយ​ពីអ្វី​ដែល​ពួក​ជន​គ្មាន​មនសិការ និង​អគតិ​មួយចំនួន បាននិងកំពុង​តែ​ប្រឌិត​រឿង​ចង់​បំផ្លាញ​កសិករ​ខ្មែរ ដោយ​ភ្ជាប់​វិស័យ​ស្រូវ​អង្ករ​ខ្មែរ​ជាមួយ​រឿង​នយោបាយ​។​

​ជាច្រើន​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកលែង​ការបង់ពន្ធ​លើដី​ស្រែ និង​ពន្ធ​គ្រប់​ប្រភេទ​លើ​ធាតុ​ចូល​កសិកម្ម គ្រាប់ពូជ​កសិកម្ម សម្ភារ និង​គ្រឿងយន្ត​កសិកម្ម ព្រមទាំង​គោលនយោបាយ​អគ្គីសនី​សម្រាប់​កសិកម្ម​ផងដែរ​។​
​លើសពីនេះទៅទៀត ដើម្បី​ជួយ​ដល់​លំនឹង​ជីវភាព​កសិករ ជាពិសេស​ស្ថិរភាព​ទីផ្សារ​ស្រូវ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​កសិករ តាមរយៈ​កញ្ចប់​ឥណទាន​ពិសេស ផ្តល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ធ្វើឱ្យ​លំនឹង​ទីផ្សារ​ស្រូវ​មាន​ស្ថិរភាព និង​មានតម្លៃ​សមរម្យ​សម្រាប់​កសិករ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ទោះបីជា​ស្ថានភាព​ទីផ្សារ​អង្ករ​របស់​ពិភពលោក​នៅក្នុង​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់ចុះ​តម្លៃ​ប្រមាណ​ជា ២៥% យ៉ាងណាក្តី ក៏​តម្លៃ​ទីផ្សារ​ស្រូវ​នៅ​កម្ពុជា​សម្រាប់​កសិករ​នៅតែមាន​តម្លៃ​សមរម្យ និង​មិនបាន​ធ្លាក់ចុះ​ទៅតាម​និន្នាការ​នៃ​ទីផ្សារ​អង្ក​រលើ​ពិភពលោក​នោះឡើយ​។​
​ក្រៅពី​កិច្ចខិតខំ​ជ្រោមជ្រែង​ដោយផ្ទាល់ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បើកទូលាយ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត ដែលមាន​កម្មវិធី​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ជាច្រើន​ឱ្យ​ចូលរួម​អភិវឌ្ឍន៍​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ក្នុងនោះ​ក៍មាន​កម្មវិធី​របស់​ប្រទេស​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តំលៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ផងដែរ​។​
​ក្រៅពីនេះ​ក៏មាន​អង្គការ​អន្តរជាតិ​នានា​បាន​ចូលរួម​ពង្រីក​វិសាលភាព​ការងារ​បន្ថែម​លើ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នានា ដោយ​បង្កើតជា​កម្មវិធី​តូចៗ ដែល​អាច​តាមដាន និង​ផ្តល់​គុណ​តម្លៃបន្ថែម ដល់​ការអនុវត្ត​ការងារ​ស្រូវ​អង្ករ​ជួយ​លើកស្ទួយ​ដល់​ជីវភាព​កសិករ​ខ្មែរ​ដែលមាន​ដូចជា កម្មវិធី​សមធម៌​ពាណិជ្ជកម្ម​ផ្នែក​ស្រូវ​អង្ករ (Rice Fair trade Program) កម្មវិធី​គោលនយោបាយ​ស្រូវ​និរន្តរភាព (Sustainable Rice Platform) កម្មវិធី​តាមដាន​ការដាំដុះ (Rice Block chain) ជាដើម​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សង្កត់ធ្ងន់ថា «​សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការលើកឡើង​នៅក្នុង​ញ្ញ​តិ្ត​របស់​ក្រុម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី និង​សូម​ស្នើសុំ​កុំឱ្យ​យក​ប្រជាកសិករ​ធ្វើជា​ឈ្នាន់​នយោបាយ និង​បំផ្លាញ​ទីផ្សារ​ស្រូវ​អង្ករ​របស់​កសិករ ហើយ​គួរ​ណាស់​តែ​គិតគូរ​ជួយ​រក​ទីផ្សារ​ជូន​ប្រជាកសិករ​ខ្មែរ​វិញ​ទើប​ជាការ​ប្រសើរ​»​។​
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​សូម​អំពាវនាវ​ដល់​ប្រជាកសិករ និង​មហាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សូមកុំ​ឱ្យ​ជឿ​តាម​ការ​ប្រឌិត ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ​។​
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏ដូចជា​កសិករ​ខ្មែរ​ទូទាំងប្រទេស សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​នានា ជាពិសេស​ប្រទេស​អូស្ត្រាលី​ដែល​បាន និង​កំពុង​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឱ្យមាន​ភាព​រីកចម្រើន​មក​ដល់ពេល​បច្ចុប្បន្ននេះ​៕
ដោយ​៖CEN

Touch Sarun (right) ,32 , hold the first test of SIR harvest in rice field at Krang Samrer village in Phnom Srouch distict in Kampong Spue province 70km west of Phnom Penh,on 13 December 2011. Oxfarm American/Chor Sokunthea

×