កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារភ្ជាប់នឹងរូបថត៣សន្លឹក ក្នុងន័យអប់រំដល់ក្មេងៗជាកូនៗបុគ្គលិកកម្មករដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនរបស់លោក និងក៏ដូចជាសារដាស់តឿនដល់អ្នកលេងហ្វេសប៊ុកមួយចំនួន ដែលជារឿយៗឡាយវីដេអូយករឿងគ្រួសារមកហែកឲ្យគេដឹងជាសាធារណៈ ដែលជាឥរិយាបទមិនល្អសោះឡើយ។
លោកឧកញ៉ា ម៉ិង ឫទ្ធី បានបង្ហោះសារនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានខ្លឹមសារយ៉ាងចាក់ដោតថា៖ «តាមានសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលចៅៗធំដឹងក្តីឡើង ចៅៗពិតជាដឹងយ៉ាងច្បាស់ណាស់ថា តាម៉ុងឫទ្ធីហ្នឹងហើយ ដែលជាអ្នកបានជួយសាងសង់លំនៅឋានឲ្យម្តាយ ឪពុករួមជាមួយចៅៗ ក៏ដូចជាប្រជាពលរដ្ឋ បុគ្គលិក កម្មកររាប់រយគ្រួសារ ព្រមទាំងរកការងារឲ្យបានធ្វើគ្រប់ ៗគ្នាថែមទៀតផង»។
លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា៖ «លោកតាមិនចង់ឲ្យចៅៗ មកសងគុណតា ក្រៅតែពីចង់ឲ្យចៅៗក្លាយជា កូនល្អ ពលរដ្ឋល្អ គោរពតាមច្បាប់របស់រដ្ឋរឿងគ្រួសារផ្ទាល់របស់ខ្លួនកុំឡាយវីដេអូ នាំរំខានដល់ជាតិ និងប្រជាពលរដ្ឋចៅៗត្រូវតែចេះជួយដល់ជាតិ និងប្រជាពលរដ្ឋនៅពេលដែលជាតិ និងប្រជាពលរដ្ឋកម្ពុជាយើង មានទុក្ខកង្វល់ម្តងម្កាល តែបើគ្មានលទ្ធភាពជួយទេ សុំចៅកុំរំខានដល់ជាតិ និងប្រជាពលរដ្ឋទៅបានហើយ »។
គួរបញ្ជាក់ថា ការបង្ហោះសារដ៏ចាក់ដោតខាងលើនេះរបស់លោកឧកញ៉ា គឺស្របពេលដែលគេកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលជាអ្នកនិយមលេងបណ្តាញសង្គមជាពិសេសហ្វេសប៊ុក បានឡាយវីដេអូយករឿងគ្រួសារមកហែកហួរគ្នា ដោយសារតែការរកស៊ីច្រណែនគ្នា រហូតមានអ្នកខ្លះឈានដល់ប្តឹងផ្តល់គ្នាឡើងកក្រើកតែម្តង៕ ដោយ៖ លឹម ហុង