ខេត្តកែប៖ តំបន់ឧទ្យានជាតិកែប ជាបេះដូងទេសចរណ៍នៃខេត្តកែប មានចម្ងាយ ២.៥ គីឡូម៉ែត្រពីទីរួមខេត្ត ជាប្រភេទរមណីយដ្ឋានធម្មជាតិ សម្រាប់ដើរកម្យាន្ត និងថតរូប ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ឧទ្យានជាតិកែប បានជួយទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ ក្រៅពីនោះតំបន់នេះក៏ធ្លាប់មានប្រវត្តិ ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែប មានគម្រោងដាក់តំបន់ឧទ្យានជាតិនេះ កែច្នៃទៅជាកន្លែងសម្រាក់លំហែសម្រាប់មនុស្សដែលមានវ័យចាស់ ដោយសារតែតំបន់នេះ មានអំណោយផលល្អទៅលើធម្មជាតិបរិស្ថាន ហើយនិងមានផាសុខភាពល្អ ដោយទាំងនេះពិតជាមានផលល្អ សម្រាប់មនុស្សចាស់ ឬនិវត្តជនទូទាំងពិភពលោក ក្នុងការមកសម្រាកលំហែក្នុងរយៈពេលណាមួយ។
ឯកឧត្តមបន្តថា នេះគ្រាន់តែជាចក្ខុវិស័យនៅឡើយ យ៉ាងណាក៏ដោយ លោកស្វាគមន៍ និងលើកទឹកចិត្ត អ្នកវិនិយោគទាំងឡាយណា ដែលមានចំណាប់អារម្មណ៍លើគម្រោងមួយនេះនៅខេត្តកែប។
ឧទ្យានជាតិកែបនេះ នៅតែទទួលប្រជាពលរដ្ឋគ្រប់ភេទ គ្រប់វ័យ គ្រប់ជាន់ថ្នាក់ឱ្យមក សម្រាកកម្សាន្ត គ្រាន់តែគំនិតផ្តូចផ្តើមនេះ ធ្វើយ៉ាងណាឱ្យស៊ីនឹងមនុស្សដែលមានវ័យចំណាស់ ទាំងជាតិ និងអន្តរជាតិ ជាជាងក្រុមមនុស្សផ្សេងទៀត។
គួបញ្ជាក់ថា ឧទ្យានជាតិកែបមានផ្ទៃដី ៥.០០០ ហិកតា មានព្រំប្រទល់ខាងជើងជាប់ នឹងផ្លូវជាតិលេខ១៦ ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ ខាងកើត និង ខាងលិចជាប់នឹងផ្លូវជាតិលេខ១៦២។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវបានសម្រេច និង ប្រកាសដាក់ជាឧទ្យានជាតិ ដោយព្រះរាជក្រឹត ដែលឡាយព្រះហស្តដោយព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន៕
ដោយ៖CEN