ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀលមិនបាន ខឹងរត់មកចងក សម្លាប់ខ្លួនទាំងកណ្តាលយប់ លុះព្រឹកឡើងគេប្រទះឃើញ។
ហេតុការណ៍នេះប្រទះឃើញសពបុសចងកនេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សព មានឈ្មោះ ញាន ដា ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅក្នុងភូមិកើតហេតុ។
តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានសុំលុយម្តាយចំនួន២០០០រៀល តែម្តាយគាត់មិនព្រមឱ្យ ទើបជនរងគ្រោះរត់មកចង់ក នៅលើដើមពោធិ ទាំងកណ្តាលយប់ ដោយមិនមាននរណាម្នាក់ដឹងនោះទេ។ លើសពីនេះទៀត ម្តាយជនរងគ្រោះ បានបញ្ជាក់ទៀតថា នៅយប់កើតហេតុ ជនរងគ្រោះក្រោយពីសុំលុយមិនបាន រួចក៏បាត់ខ្លួន ម្តាយក៏ប្រឹងស្វែងរកដែរតែមិនឃើញ តែនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បង្កភាពភ្ញាក់ផ្អើល ដោយមានអ្នកមកស្ទួចត្រីនៅកន្លែងកើតហេតុក៏ប្រទះឃើញសពជនរងគ្រោះ រហូតដឹងរឿងដល់ម្តាយ រួមកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចផ្នែកជំនាញ កោសល្យវិច័យ បានចុះមកដល់ទីតាំង និងត្រួតពិនិត្យសព ដើម្បីប្រគល់សពឱ្យក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ផាន់ណា+មីដា