ភ្នំពេញ៖ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស បានលើកឡើងថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជានេះ លោកជំទាវនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ការលើកឡើងដូចនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វភាគី, ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរ ទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមកជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកជំទាវ Tina Redshaw ដែលទើបទទួលបានភារកិច្ចបំពេញ បេសកកម្មការទូតនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជា បន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេស ការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា, ថ្នាក់ក្រោយឧត្តមសិក្សា, និងវគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ឱ្យទៅសិក្សានៅចក្រភពអង់គ្លេស ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានសង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត, រំខានដល់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ, រាជរដ្ឋាភិបាលកម្ពុជា ខិតខំនិងត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការគាំទ្រ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជនផងដែរ៕
ដោយ៖CEN