ភ្នំពេញ៖ បើទោះបីជាកំពុងរងឥទ្ធិពលដោយការរាតត្បាតពីជំងឺកូវីដ១៩ក៏ដោយ ក៏របាយការណ៍របស់ការិយាល័យឥណទានកម្ពុជា Crédit Bureau of Cambodia CBC បង្ហាញថា ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ បានកើនឡើងគួរឱ្យគត់សំគាល់។
បើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ការិយាល័យឥណទានកម្ពុជា CBC បានឱ្យដឹងថា ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ បានកើនឡើងដល់ ៤,៦ ពាន់លានដុល្លារ នៅចុងខែកញ្ញាឆ្នាំ ២០២០នេះ ដែលជាការកើនឡើង ពីទំហំទឹកប្រាក់ ៣,៩ ពាន់លានដុល្លារ កាលពីចុងឆ្នាំ២០១៩។
របាយការណ៍ដដែលនេះ បង្ហាញថា ប្រាក់កម្ចីទូទៅរួមមាន ប្រាក់កម្ចីផ្ទាល់ខ្លួន កាតឥណទាន និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។ ប្រាក់កម្ចីមានទ្រព្យបញ្ចាំ ជាផ្នែកមួយនៃប្រាក់កម្ចីទូទៅដែលបានកត់ត្រាដោយ CBC ហើយគិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ប្រាក់កម្ចីដែលផ្តល់ដោយស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ ៩,១១ ពាន់លានដុល្លារ។
របាយការណ៍ CBC នេះ បានបញ្ជាក់ថា បើទោះបីជា មានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក៏ដោយ ក៏តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យនៅកម្ពុជា នៅតែបន្តកើនឡើងក្នុងឆ្នាំ ២០២០នេះ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២០នេះ មានគម្រោងលំនៅដ្ឋានចំនួន ២.៨១៩ គម្រោង ស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុបចំនួន ៣.៣៥០៕
ដោយ៖CEN