ក្មេងស្រីអាយុ ១៣ ឆ្នាំ ម្នាក់ ត្រូវបានបង្ខំរៀបការជាមួយបុរសអាយុ ៤៨ ឆ្នាំ នៅក្នុងប្រទេសហ្វីលីពីន និងត្រូវមើលថែកូនៗរបស់ប្តីដែលកូនប្រពន្ធមុន ហើយពួកគេភាគច្រើនគឺមានអាយុស្របាលៗនាងទៀតផង។
យោងតាមកាសែត Harian Metro បានចុះផ្សាយឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ឈ្មោះ Asnaira Pamansag Mugaling អាយុ ១៣ ឆ្នាំ ត្រូវបានបង្ខំរៀបការជាមួយកសិករម្នាក់ឈ្មោះ Abdukrzak Ampatuan នៅក្នុងទីប្រជុំមួយនៃខេត្ត ម៉ាហ្គីនដាណាវ (Maguindanao)។ ហើយបណ្តារូបថតនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក៏បានល្បីសុះសាយនៅលើអ៊ីនធើរណិតចាប់តាំងពីពេលនោះមក។
បើតាមការឲ្យដឹងពីអ្នកភូមិនៅតំបន់នោះបានប្រាប់ថា តាមពិតទៅ នាង Asnaira គឺជាប្រពន្ធទី៥ហើយរបស់លោក Abdukrzak ដែលបាននិយាយថា គាត់មិនមែនការសោកស្តាយទេ ដែលបានរៀបការជាមួយប្រពន្ធក្រោយនេះ បើទោះជានាងមានអាយុស្មើនឹងកូនប្រុសរបស់គាត់ក៏ដោយ ហើយគ្រោងនឹងមានកូនជាមួយប្រពន្ធថ្មីនៅពេលនាងមានអាយុ ២០ ឆ្នាំ។
គាត់បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានជួបនាង និងអាចចំណាយពេលពេញមួយជីវិតជាមួយនាង។ ហើយនាងនឹងមើលថែកូនប្រុសរបស់ខ្ញុំ»។ គាត់បន្ថែមថា ខណៈដែលពួកគាត់ទាំងពីរមិនទាន់មានកូន នោះគាត់នឹងបញ្ជូនភរិយារបស់គាត់ឲ្យរៀនរហូតចង់ថ្នាក់ផងដែរ។
ចំណែក នាង Asnaira វិញបានអះអាងថា នាងមិនខ្លាច Abdulrzak ទេ ព្រោះគាត់ជាមនុស្សល្អចំពោះនាង។ នាងបន្តថា៖ «ខ្ញុំកំពុងរៀនធ្វើម្ហូបពីព្រោះខ្ញុំមិនពូកែទេ។ ខ្ញុំចង់ធ្វើឱ្យប្តីរបស់ខ្ញុំសប្បាយចិត្ត»។
សូមបញ្ចាក់ថា អាពាហ៍ពិពាហ៍បែបនេះត្រូវបានអនុញ្ញាតនៅតាមកន្លែងជាក់លាក់មួយចំនួន នៅក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត ម៉ាហ្គីនដាណាវ ដែលមានជនជាតិម៉ូស្លីម ដរាបណាអនីតិជនឈានដល់វ័យពេញវ័យ។
ទិន្នន័យពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បង្ហាញថាប្រទេសនេះមានកូនក្រមុំកុមារខ្ពស់ជាងគេទី១២ នៅលើពិភពលោក ដែលមានចំនួន ៧២៦.០០០ នាក់។ ក្មេងស្រី ១៥ % បានរៀបការមុនអាយុ ១៨ ឆ្នាំ ហើយ ២% ទៀតបានរៀបការមុនពេលពួកគេឈានដល់អាយុ ១៥ ឆ្នាំ៕ ដោយ៖ លឹម ហុង