ប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកដណាស់បានស្គាល់ច្បាស់ហើយ ពីអ្នកលក់ផលិតផលអនឡាញសាច់សដូចសំឡី និងពិសេសរូបសម្រស់ស្អាតប្រៀបដូចទេពធីតាសួគ៌ គឺលោកជំទាវឧកញ្ញា អ៊ាន សៀវម៉ី ។ ក្រៅពីលក់ផលិតអនឡាញ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏ត្រូវបានដឹងថាជាអ្នកជំនាញដ៏ធំដែលទទួលបានភាពជោគជ័យគួរជាទីមោទនៈ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។
ពិតមែនហើយ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តយ៉ាងច្រើនផងដែរ តាមរយៈទឹកចិត្តដ៏សប្បុរសធម៌របស់លោកជំទាវ ដែលតែងជួយដល់អ្នកក្រីក្រ និងជួបទុក្ខលំបាក ជាហូរហែមិនដែលដាច់ឡើយ។ ហើយលើសពីនេះទៀតនោះ លោកជំទាវក៏បានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងស្ថានភាពវិបត្តិនៃការទប់ស្កាត់ជំងឺកូវីដ១៩ កាលពីពេលកន្លងមកនេះ។
យ៉ាងណាមិញ ជាមួយភាពជោគជ័យលើមុខជំនួញជាច្រើនរហូតមកទល់សព្វថ្ងៃនេះផងដែរ គឺក៏អាស្រ័យដោយមានការជំរុញកម្លាំងចិត្តដ៏ធំពីក្រុមគ្រួសារ ជាពិសេសស្វាមីរបស់លោកជំទាវ ដែលតែងយល់ចិត្តគ្រប់ពេលវេលា ពោលគឺឲ្យតែថាលោកជំទាវចង់បានអ្វី គឺបានហ្នឹងហើយ…។
ដោយឡែក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គេក៏បានប្រទះឃើញលោកជំទាវ បានបង្ហោះរូបភាព និងភ្ជាប់សារថ្លែងសរសើរពីទឹកចិត្តស្វាមី ដោយបានសរសេររៀបរាប់យ៉ាងរំភើបចិត្តថា៖ «អរគុណប្តីសម្លាញ់ ដែលតាំងពីកាន់ដៃអូនរហូតមក មិនដែលធ្វើឲ្យប្រពន្ធពិបាកចិត្តម្តងណាឡើយ ប្តីតែងតែឲ្យប្រពន្ធបងឈ្នះបងគ្រប់ពេលទាំងអស់ ប្តីតែងតែចង់ឲ្យប្រពន្ធស្អាតរហូត ល្អរហូត ប្រើរបស់ល្អៗ ទោះជាថ្លៃប៉ុនណាក៏ដោយ អូនចង់ទិញអី ទិញទៅ អោយតែប្រពន្ធសួរបងថាស្អាតឬអត់?
ប្ដីឆ្លើយថា ស្អាតរហូតឲ្យតែប្រពន្ធសប្បាយចិត្ត មិនថាអ្វីទេ ឲ្យតែអូន និងកូនសប្បាយចិត្ត ប្តីធ្លាប់សុំប្រពន្ធរឿងមួយគឺ រឿងគ្រួសារ គាត់ថាគាត់ជាក្មេងកំព្រាតាំងតែពីតូច គាត់គ្មានឪពុកម្តាយហៅដូចគេទេ អ៊ីចឹងប្តីសុំប្រពន្ធរឿងមួយគឺ ចេះស្រឡាញ់ឪពុកម្តាយឲ្យបានច្រើន ទាន់ដែលយើងនៅធ្វើបាន មិនចង់ឃើញប្រពន្ធបង មានរឿងជាមួយគ្រួសារទេ ជាពិសេស រឿងធ្វើបុណ្យ ធ្វើទាន អស់ប៉ុន្មានម៉ឺន ក៏ប្ដីមិនរអ៊ូរ សូម្បីមួយម៉ាត់ នេះហើយ ដោយធ្វើឲ្យគ្រួសារខ្ញុំមានសុភមង្គល និងរីកចម្រើន មកដល់រាល់ថ្ងៃនេះ ដោយសារមានប្ដីចេះយល់ចិត្ត ទើបជីវិតពួកយើងមកដល់ថ្ងៃនេះ»៕ ដោយ៖ លឹម ហុង