តាកែវ ៖ ថ្លែងនៅឱកាសអញ្ជើញចូលរួមបិតសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ របស់រដ្ឋបាលខេត្តតាកែវ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើការអះអាងថា ចលនាសង្រ្គោះជាតិដែលទើបតែត្រូវបានបង្កើតឡើងនៅក្រៅប្រទេសគឺមិនអាចនិងមានដង្ហើមរស់នោះទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា មានកត្តាមួយចំនួនដែលធ្វើអោយចលនាសង្រ្គោះជាតិមិនអាចរស់បានគឺទី១ បន្ទាប់ពីបង្កើតចលនាCNRMនេះហើយមិនមានការរំជើបរំជួលពីប្រជាពលរដ្ឋនៅក្នុងប្រទេសនោះទេ។ ទី២ ចលនានេះគឺជាចលនាខុសច្បាប់ ដែលបង្កើតឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋនិងទី៣ តាំងពីបង្កើតចលនានេះមកមិនមានប្រទេសមួយណាប្រកាសទទួលស្គាល់នោះទេ។
នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការណែនាំអោយអាជ្ញាធខេត្តរតាកែវក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំអោយចាញ់បោកក្រុមអ្នកនយោបាយអគតិមួយចំនួនតូចដែលឃោសនាអោយប្រជាពលរដ្ឋចូលរួមចលនាខុសច្បាប់នេះ ។ ជាចយុងក្រោយសម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់អនុសាសន៏ដល់រដ្ឋបាលខេត្តតាកែវ ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តអោយបានជាប្រចាំ ក្នុងនោះមាន បីចំណុច៖
- ត្រូវពង្រឹង និងរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
- ត្រូវជម្រុញការកំណែទម្រង់តាមបែបវិមជ្ឈការ និងសហវិមជ្ឈការដែលមាននៅសេសសល់
-បន្ត ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព សមធម៌ ដើម្បីទទួលបានការគាំទ្រក្នុងការដឹកនាំរបស់រដ្ឋបាលខេត្ត៕
តាកែវ