ខេត្តកណ្តាល៖ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៣៥ ផងដែរនៅថ្ងៃ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖ -ស្ថានីយ/ដេប៉ូ ចំនួន ០៥ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ -ស្ថានីយ/ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។ -ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ៖បញ្ញាស័ក្តិ