លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រនិងកម្រិតវិស័យសម្រាប់ការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ IDP២០១៥-២០២៥ ដែលបានកែសម្រួល។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួ ពីសំណាក់ លោក លោក លោកស្រី ជាមន្ត្រីបង្គោល និងមន្ត្រីបច្ចេកទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកលេខាធិការដ្ឋានសរុបប្រមាណ ៦០ រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំអន្តរក្រសួងនេះ គឺដើម្បីស្នើសុំការឯកភាពពីក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងសូចនាករគន្លឹះដែលត្រូវបានកាត់បន្ថយ ស្របតាមការណែនាំរបស់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឱ្យ ក.អ.ក ពិនិត្យកែសម្រួល និងកាត់បន្ថយចំនួនសូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ ដោយរក្សាទុកតែសូចនាករគន្លឹះណាដែលអាចប្រមូលបាននូវទិន្នន័យដែលមានគុណភាពសមស្រប និងមានភាពពាក់ព័ន្ធខ្លាំងទៅនឹងគោលបំណង និងអន្តរាគមន៍គោលនយោបាយរបស់គោលនយោបាយ IDP។
គួរបញ្ជាក់ថា ការកាត់បន្ថយចំនួនសូចនាករគន្លឹះ ផ្អែកលើមូលដ្ឋានចំនួន៤ គឺភាពចាំបាច់ ប្រភពទិន្នន័យ ភាពពាក់ព័ន្ធ និងភាពស្ទួនគ្នានៃសូចនាករ ដើម្បីដាក់ជូនអង្គប្រជុំអន្តរក្រសួងពិនិត្យពិភាក្សា។ ជាលទ្ធផល អង្គប្រជុំបានផ្តល់ការឯកភាពលើការកែសម្រួល និងកាត់បន្ថយចំនួនសូចនាករគន្លឹះនេះ ព្រមទាំងបានផ្តល់ធាតុចូលមួយចំនួន សម្រាប់ការកែសម្រួលសូចនាករគន្លឹះមួយចំនួន ជាចុងក្រោយ៕
ដោយ៖CEN