ប្រិយមិត្តបានដឹងរួចហើយ ពីទំនាក់ទំនងរវាងអ្នកមេម៉ាយចាយរាង សាច់សច្ចីដូចបន្តូលចេក អ្នកនាង Love Riya និងបុរសពោះម៉ាយ ដែន សូនី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមដើរលេងជាមួយគ្នាជាញឹកញាប់ ហើយលោក សូនី ក៏បានចេញចូលផ្ទះ Love Riya ដូចគ្រួសារតែមួយទៅហើយ។
ជាមួយនឹងទំនាក់ទំនងកាន់ស្និទ្ធពីមួយទៅមួយថ្ងៃនេះផងដែរ ជាហេតុធ្វើឲ្យមហាជនសង្ឃឹមជឿជាក់ថា អ្នកទាំងពីរនឹងក្លាយជាប្តីប្រពន្ធនឹងគ្នានៅថ្ងៃអនាគតឆាប់ៗខាងមុខ ព្រោះថាលោក សូនី តែងតែនិយាយនូវពាក្យដដែលៗថា អាណិតស្រឡាញ់ខ្លាំង ទោះបី Riya កាចខ្លាំងយ៉ាងណា ដោយលោកសុខចិត្តចុះចាញ់រហូត ធ្វើជាមនុស្សប្រុសកុំតបតជាមួយមនុស្សដែលខ្លួនស្រឡាញ់ គឺគ្មានប្រយោជន៍នោះទេ។
ពិតណាស់ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ដែន សូនី ក៏បានរៀបចំបាច់ផ្កាមួយបាច់តុបតែងយ៉ាងស្អាត លាយជាមួយលុយដុល្លារយ៉ាងច្រើន ដើម្បីយកមក Suprise ម្ចាស់ស្នេហ៍ Love Riya ដើម្បីសុំរៀបការ ដែលធ្វើឲ្យអ្នកលក់ឡេរូបស្រស់ម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំង។ ហើយមិនយូរប៉ុន្មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនាង Love Riya ក៏បាន Suprise រថយន្តទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 ឲ្យវិញ ដែលធ្វើឲ្យលោក សូនី ពោលពាក្យប៉ុន្មានម៉ាត់ក្នុងបណ្តាញសង្គម TikTok ថា “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូម្ចាស់កាដូ ដែលទិញកាដូ 570 2021 អរគុណដល់ Love Riya ជាពិសេស”។
ទោះយ៉ាងណា ថ្មីៗនេះ មហាជន ជាពិសេសហ្វេនៗពិតជាមានការភ្ញាក់ផ្អើលសឹងតែមិនចង់ជឿ ខណៈអ្នកទាំងពីរស្រាប់តែឈ្លោះគ្នាយ៉ាងសាហាវ ផ្អើលពេញផ្ទះដោយសារតែរឿងដាក់ឈ្មោះកម្មសិទ្ធិរថយន្តទំនើប ៥៧០ នេះ បែកអូរហូរស្ទឹង ដល់ថ្នាក់ Love Riya បណ្តេញលោក សូនី ចេញពីផ្ទះនាងភ្លាមៗនៅពីមុខការឡាយ ខណៈលោក សូនី វិញ ក៏បានតបខ្លាំងៗវិញថា ខ្ពើមចង់ថោកជាន់ផ្ទះហ្នឹងផង។
លើសពីនេះ អ្នកនាង Love Riya ក៏បានប្រាប់ពីអារម្មណ៍ពិតទៅដល់ហ្វេនៗថា ខ្លួនមិនស្រឡាញ់លោក សូនី តាំងពីដំបូងម្ល៉េះ ដោយគ្រាន់តែរាប់អានសម្តែងលេងសើចជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែ ដោយលោក សូនី សុំស្រឡាញ់ និងសន្យាថានឹងកែខ្លួន ជាហេតុធ្វើឲ្យអ្នកនាងទទួលយក ហើយក៏បានមើលចិត្តគ្នាទៅវិញទៅមករហូតមកទល់ពេលនេះ។ អ្នកនាង Love Riya ក៏បាននិយាយហែកចំៗថា អ្នកនាងមិនចូលចិត្តមនុស្សប្រុសចរិកអាឡិអាឡក់ដូចជារូបលោក សូនី នេះឡើយ ដែលនិយាយបាតដៃខ្នងដៃ។
តែយ៉ាងណា ក្រោយឈ្លោះគ្នាឡើងបែកផ្សែងផ្អើលពេញផ្ទះ លោក សូនី ដែល Love Riya ហៅថាជាមនុស្សអស់កែ គ្មានកំណើតបងប្អូនជ្រោងមិនឡើង ក៏បានបង្ហោះសារសុំទោសថា៖ «បងខុសហើយអូនឲ្យបងសុំទោស»។ តែយ៉ាងណា យើងនឹងរង់ចាំតាមដានវគ្គបន្តទៀត ថាតើទំនាក់ទំនងរវាងអ្នកទាំងពីរអាចនឹងផ្សះគ្នាវិញបានដែរ ឬយ៉ាងណា?៕ ដោយ៖ លឹម ហុង