កាលពីពេលថ្មីៗនេះ ព័ត៌មានបានផ្ទុះឡើងថា បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ បានក្លាយជាសេដ្ឋីមួយរំពេច បន្ទាប់ពីលក់អាចម៌ផ្កាយដែលបានធ្លាក់ពីលើមេឃ ចំលើដំបូលផ្ទះរបស់គាត់។ គេនិយាយថា តម្លៃដែលគាត់ទទួលបានគឺ ៧,៦ លានរីងហ្គីដ (ស្មើនឹង ១.៨៥ លានដុល្លារ) ប៉ុន្តែ វាមិនមែនជាការពិតនោះទេ ព្រោះថាការរៀបចំរបស់គាត់ជាមួយអ្នកឯកទេសខាងឧតុនិយម លោក Jared Collins គឺខុសគ្នាស្រឡះ។
យោងតាមតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា បុរសឥណ្ឌូណេស៊ី លោក Josua Hutagalung អាយុ ៣៤ ឆ្នាំ បានចែករំលែកការខកចិត្តរបស់គាត់នៅពេលដឹងថាគាត់បានលក់អាចម៍ផ្កាយក្នុងតម្លៃទាបជាងតម្លៃពិតប្រាកដ ដែលគាត់បានបញ្ជាក់ទៅដល់សារព័ត៌មាន គឺក្នុងតម្លៃត្រឹមតែ ៥៧,៦៦០ រីងហ្គីដ (ស្មើនឹង ១,៤០០០ ដុល្លារ) ហើយគាត់មានអារម្មណ៍ថាលក់ចាញ់បោកគេ។
លោក Josua បាននិយាយថា៖ «លោក Jared គ្រាន់តែជាមនុស្សកណ្តាល ហើយមិនមែនជាអ្នកទិញអាចម៍ផ្កាយដែលត្រូវបានគេនិយាយថាមានតម្លៃ ៧,៥៦ លានរីងហ្គីត ទេ។ ខ្ញុំត្រូវបានគេបោកហើយ ខ្ញុំខកចិត្តខ្លាំងណាស់ នៅពេលបានលឺព័ត៌មានពីបណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានកំពុងហៅខ្ញុំថាជាអ្នកមាននោះ។ ខ្ញុំតក់ស្លុតណាស់ ដែលតម្លៃនោះ (ជិត២លានដុល្លារ) មិនមែនមកលើរូបខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំបានលក់វាក្នុងតម្លៃ ២០០ លានរូពី (៥៧,៦៦០ រីងហ្គីដ) ស្មើនឹង ១,៤០០០ ដុល្លារ ប៉ុណ្ណោះ”។
Josua ក៏បានបន្ថែមថា ចំនួនទឹកប្រាក់ដែលលក់បាននោះ បានចំណាយរួចហើយ ដោយគាត់បានបរិច្ចាគមួយចំនួនទៅឲ្យអ្នកក្រីក្រ ក្មេងកំព្រា ព្រះវិហារ និងជួលជួលកន្លែងបញ្ចុះសពឪពុកម្តាយរបស់គាត់។
សំណាងណាស់ ដែលគាត់បានលក់អាចម៌ផ្កាយនោះត្រឹមតែ ១.៨ គីឡូក្រាម ក្នុងទម្ងន់សរុប ២.២ គីឡូក្រាម។
គាត់ក៏បានបញ្ជាក់ថា បំណែកបន្ថែមនៃអាចម៍ផ្កាយនោះ ខ្ញុំបានផ្តល់ទៅឱ្យសមាជិកគ្រួសារ មួយចំនួនធ្វើចិញ្ចៀន ហើយសម្រាប់ខ្លួនខ្ញុំៗ រក្សាទុក ៥ ក្រាម។ ខ្ញុំនឹងមិនលក់បំណែកនៅសល់ទៀតឡើយ ទោះបីជាមាននរណាម្នាក់ផ្តល់តម្លៃខ្ពស់យ៉ាងណាក៏ដោយ។
លោក Joshua ក៏បានចែករំលែកឲ្យដឹងថា គាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលឺសម្លេងគ្រាប់បែកផ្ទុះ ហើយដំបូងគាត់មានអារម្មណ៍ភ័យខ្លាច នៅពេលចូលទៅជិតវត្ថុដែលបានធ្លាក់នោះ។ គាត់បន្ទាប់មក បានរកឃើញថាវាជាអាចម៍ផ្កាយ ដែលបានបង្កឲ្យដំបូលផ្ទះរបស់គាត់ធ្លុះ ហើយវាក៏បានធ្លាប់កប់ទៅក្នុងដីជម្រៅ ១៥ សង់ទីម៉ែត្រ។ គាត់បន្តថា៖ «ខ្ញុំបានលើកវាឡើង ហើយវាក្តៅឧណ្ឌៗ»៕ ដោយ៖ លឹម ហុង