ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ នៅលើបណ្តាញសង្គមពេលនេះ គឺមានរឿងដ៏កម្សត់ចំនួនពីរ ដែលមហាជនបានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយទី១ គឺរឿងរបស់ក្មេងប្រុសឈ្មោះ ពេជ្រ ធារ៉ា ដែលមានជីវភាពគ្រួសារក្រីក្រ ប៉ុន្តែ មានភាពក្លាហានតស៊ូយកកង់ទិញពីអេតចាយតម្លៃ២ម៉ឺនរៀល ទៅប្រកួតជាមួយកូនគេដែលជិះកង់តម្លៃរាប់រយដុល្លារ ដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ។
ចំណែករឿងដែលកំពុងល្បីទី២ គឺរឿងរបស់ក្មេងស្រីឈ្មោះ យ៉ង់ ស្រីនីត រស់នៅភូមិភាគឦសាន នៃទឹកដីខេត្តមណ្ឌលគិរី។ ក្មេងស្រីម្នាក់នេះមានជីវិតគ្រួសារក្រីក្រក៏មិនខុសឆ្ងាយពីក្មេងប្រុស ពេជ្រ ធារ៉ា ប៉ុន្មានដែរ ដោយមានឪពុកជាកម្មករសំណង់ដូចគ្នា។ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ នាងក៏បានឆ្លៀតពីការសិក្សាដើរលក់ចេកឆាបនៅក្នុងសហគមន៍ ហើយថ្ងៃខ្លះក៏មិនដាច់ មានតែអង្ករកន្លះកំប៉ុងដាំបាយ និងពងទា១គ្រាប់ ចែករំលែកបងប្អូន ៥, ៦ នាក់ ឲ្យបានរស់មួយពេលយ៉ាងកម្សត់។
ប៉ុន្តែ ដោយសារតែវាសនាក្មេងប្រុសស្រីទាំងពីរហាក់អណ្តែត នៅពេលនេះ ពួកគេបាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងក្តីរអាណិតស្រឡាញ់យ៉ាងច្រើនពីមហាជន។ តែយ៉ាងណា ពួកគេកំពុងស្ថិតក្នុងនៅក្នុងដួងចិត្តមហាជននៅពេលនេះ ក៏អាស្រ័យបានគុណបុរស២នាក់នេះផងដែរ ដែលទី១គឺជាងថតរូបលោក កឹម សុវណ្ណា ដែលបានថតរូបរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែក បុរសទី២នោះគឺ លោក សាមឌី ហៅ (ចៅមាណព) ដែលក៏បានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នាផងដែរ។ ហើយជាក់ស្តែង ពេលនេះក្មេងស្រីសម្បុរស្រអែមសម្រស់ស្អាតពីធម្មជាតិរូបនេះ បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងតែម្តងពីសំណាក់មហាជន។
នេះជាគុណបំណាច់ដ៏ធំមួយរបស់បុរសទាំងពីរខាងលើ ដែលមិនអាចបំភ្លេចបាន ព្រោះថាប្រសិនបើគ្មានពួកគាត់ទេ ម្លេះប្រហែលក្មេងប្រុសស្រីក្រីក្រទាំងពីរនេះ ក៏ពុំត្រូវបានមហាជនបានស្គាល់ និងត្រូវបានកែប្រែជីវិត ដែលកំពុងតែមានពន្លឺរស្មីដូចនេះបានឡើយ៕ ដោយ៖ លឹម ហុង