ភ្នំពេញ៖៖ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីភាពចាំបាច់ដែលកម្ពុជា-ចិនត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។
នៅរសៀលម៉ោង ៣:០០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាដែលពាក់ព័ន្ធបានចូលរួមប្រជុំជាមួយនឹងភាគីសាកលវិទ្យាល័យបច្ចេកវិទ្យាចិនខាងកើត តាមប្រព័ន្ធវីដេអូ Conference ដើម្បីពិភាក្សាការងារ ដោះដូរទស្សនៈ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យបច្ចេកវិទ្យារវាងស្ថាប័នទាំងពីរ ពិសេសការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាបរិស្ថាន (ការទាញថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ)។
ថ្លែងក្នុងកិច្ចប្រជុំនារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីភាពចាំបាច់ដែលកម្ពុជា-ចិនត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ពិសេសវិស័យសំខាន់ៗដែលនឹងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា ថ្មីៗកន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការអនុញ្ញាតយល់ព្រមដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គរុកោសល្យភាសាចិន ដោយនៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងកម្ពុជាចិន វាគឺជាលើកទីមួយដែលមានថ្នាក់គរុកោសល្យភាសាចិននៅកម្ពុជា ហើយនៅថ្ងៃខាងមុខ គ្រូបង្រៀនភាសាចិននៅកម្ពុជាដែលទទួលបានការបណ្ដុះបណ្ដាលនេះ នឹងមានសមត្ថភាពនិងលទ្ធភាពពេញលេញក្នុងការបណ្ដុះបណ្ដាលសិស្ស-និស្សិតប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅកម្ពុជាបច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាបរិស្ថានដែលទាញថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការជំរុញឱ្យកាន់តែច្រើនបន្ថែមទៀត ហើយដើម្បីឱ្យគម្រោងកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ ត្រូវការជាចាំបាច់នូវការបញ្ជ្រាបឱ្យបញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវវ័យក្មេងកម្ពុជាបានយល់ដឹងអំពីគម្រោងនេះ ការដាក់បង្ហាញ និងការផ្សព្វផ្សាយជូនដល់សាធារណជនគ្រប់ស្រទាប់និងគ្រប់មជ្ឈដ្ឋាន៕ ដោយ៖បញ្ញាស័ក្តិ