តមណ្ឌលគិរី ៖ ដូចដែលមហាជនបានដឹងថា កុមារី យ៉ង់ ស្រីនីត អាយុ ១១ ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនយ៉ាងច្រើន តាមរយៈមានរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង និងបូករួមជាមួយសមត្ថភាពទឹកដមសំឡេង ដែលអាចបកស្រាយបទចម្រៀងពីរោះគួរសមផងដែរ។
ដោយឃើញកុមារីរូបនេះផ្ទុះនូវការគាំទ្រ និងជាពិសេសភាពតស៊ូរបស់នាងចំពោះគ្រួសារដ៏គួរឲ្យអាណិតខ្លាំង កាលពីថ្ងៃទី១៩ ខែវិច្ជិកា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដើម្បីជួបជាមួយក្មួយស្រីនីត និងបាននាំយកនូវសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថវិកា ដល់គ្រួសារក្មួយស្រី និងផ្ដល់ដីសាងសង់ផ្ទះថ្មីមួយខ្នង និងសូម្បីផ្ដល់ការងារអោយឪពុកម្ដាយរបស់ក្មួយស្រី មានការងារធ្វើថែមទៀតផង។
ពិតជាប្រពៃណាស់ ដើម្បីជាការឆ្លើយតបទៅនឹងក្តីស្រម៉ៃរបស់ក្មួយស្រីនីត ដែលថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង លោកឧកញ៉ា ស្រី ចាន់ថន ក៏បានសម្រេចចិត្តជ្រើសរើស ស្រីនីត ចូលវិស័យសិល្បៈ ក្នុងផលិតកម្ម Jet Production របស់លោកឧកញ៉ាផ្ទាល់ ហើយថែមទាំងឲ្យស្រីនីត បានរៀនរហូតដល់ចប់ដូចក្តីប្រាថ្នារបស់នាងផងដែរ។
ក្នុងនោះ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរប្រាប់នៅលើគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា៖ «ស្នាមញញឹមរបស់ប្អូនស្រី យ៉ុង ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹម និងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនិងសម្រេចចិត្តជ្រើសរើសយកប្អូនស្រីចូលវិស័យសិល្បៈ ក្នុងផលិតកម្ម (ជេត ប្រូដាកសិន jet Production) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់នឹងជំរុញអោយប្អូនស្រីរៀនឲ្យចប់ ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីឲ្យក្លាយជាគ្រូបង្រៀន នឹងជាតារាចម្រៀង ក្នុងវិស័យសិល្បៈដ៏ល្អនាថ្ងៃអនាគត»៕ ដោយ៖ លឹម ហុង