ភ្នំពេញ៖ កុមារី យ៉ង់ ស្រីនីត អាយុ ១១ ឆ្នាំ នៅភាគឦសាន នៃខេត្តមណ្ឌលគិរី ឃើញថាបានកំពុងក្លាយជាចំណាប់អារម្មណ៍ ពីសំណាក់មហាជនយ៉ាងច្រើន សឹងតែមិនគួរឲ្យជឿ។ ប៉ុន្តែ ក្មេងស្រីសម្បុរស្រអែមមានរូបរាង និងទម្រង់មុខស្រស់ស្អាតពីធម្មជាតិរូបនេះ ដែលហាក់កំពុងមានពន្លឺជីវិតជាបណ្តើរៗ ក៏អាស្រ័យដោយសារបុរសម្នាក់មានគណនីឈ្មោះ “ចៅមាណព Chavmeanup” ដែលបានផ្តិតយករូបភាពរបស់នាងមុនគេបង្អស់ ហើយបង្ហោះឲ្យល្បីល្បាញនៅលើហ្វេសប៊ុករហូតមកទល់ពេលនេះ។
ក្នុងនោះ បុរសម្ចាស់គណនីខាងលើគាត់បានបង្ហោះរូបភាពដំបូងប៉ុន្មានសន្លឹករបស់កុមារី យ៉ង់ ស្រីនីត ដោយភ្ជាប់សារថា៖ «ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់ នៅខេត្តមណ្ឌលគិរី ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសម្រេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀននិងជាសិល្បការិនី ។ បន្ទាប់ ពីលក់របស់របរបន្តិចបន្តួចឲ្យភ្ញៀវអស់ នាងបានច្រៀងបទចម្រៀង ដែលនាងច្រៀងពីរោះឲ្យយើងទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនារមណីយដ្ឋានទឹកធ្លាក់ដាក់ដាំរួច»។
ជាពិតណាស់ ក្រោយមានភាពល្បីល្បាញ និងទទួលការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ ស្រីនីត ក៏មានឱកាសបានបង្ហាញខ្លួនថតឈុតឲ្យសំអាងការ និងលេចមុខក្នុងកម្មវិធីមួយចំនួនទៀតផងដែរ ក្រោយបានឡើងមកទីក្រុងភ្នំពេញ មកស្នាក់នៅផ្ទះនាយពាក់មី។
ជាក់ស្តែង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ គេក៏បានឃើញ យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយទៀតដែលមានឈ្មោះថា «វីនសំអាងការ» រួមជាមួយកូនស្រីនាយ ពាក់មី គឺក្មួយស្រីខួច ផងដែរ។
ក្នុងនោះផងដែរ តាមរយៈទំព័រហ្វេសប៊ុកសំអាងការខាងលើ ក៏បានបង្ហោះសារថា៖ «តុបតែងដោយវីនសំអាងការ 099509666 010509666 ម្យ៉ាងម្នាក់ទេចា៎ ប្អូនស្រី យ៉ង់ ស្រីនីត និងកូនបងពាក់មី ស្រីខួច ស៊ែរមួយបងប្អូនឈាមជ័រខ្មែរសុទ្ធសាធ ទីតាំង បូរីប៉េងហួតផ្លូវ60មផ្ទះលេខ60ផ្លូវលេខ4»។
យ៉ាងណាមិញ ក្រោយពីបានឃើញភ្លាម អ្នកលេងហ្វេសប៊ុកម្នាក់ៗនាំគ្នាលាន់មាត់សរសើរថា៖ «ស្រស់ស្អាតណាស់ ប្អូនស្រីទាំងពីរ, ទម្រង់មុខប្អូនស្រីស្អាត និងការតុបតែរបស់ម្ចាស់សំអាងការពិតជាស្រស់ស្អាត, ស្អាតខ្លាំងណាស់ ស្រីនីត, ស្រស់ស្អាតបែបផ្សេងគ្នា តែបើអូននីតសើច ឬញញឹម ស្រស់ធម្មជាតិ»៕ ដោយ៖ លឹម ហុង