នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បាននិយាយថាលោក នឹងធ្វើការហាមឃាតមិនឲ្យរដ្ឋមន្រ្តី មានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុគ្គលិករបស់ពួកគេ។ ការដាក់បំរាមនេះកើតឡើងក្រោយពេលមានការលាតត្រដាងថា អនុនាយករដ្ឋមន្រ្តី Barnaby Joyce មានទំនាក់ទំនងផ្លូវភេទជាមួយនឹងលេខារបស់ខ្លួន រហូតដល់មានផ្ទៃពោះ។ នេះបើតាមការចេញផ្សាយរបស់ BBC។
នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្លែងថា លោកនឹងធ្វើការរុះរើក្រមប្រតិបត្តិរដ្ឋមន្រ្តី ដែលកំពុងខ្វះខាតអ្វីមួយ។
លោកថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “រដ្ឋមន្រ្តីទាំងអស់ត្រូវតែមានអាកប្បកិរិយាល្អតាមក្រមនោះ។ ពួកគេមិនត្រូវមានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុគ្គលិករបស់ពួកគេជាដាច់ខាត”។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំងបានស្នើឲ្យលោក Barnaby Joyce ចុះចេញពីតំណែង។
សូមបញ្ជាក់ថា រឿងអាស្រូវរបស់អនុនាយករដ្ឋមន្រ្តីនេះបានផ្ទុះឡើង ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយពីទំនាក់ទំនងផ្លូវភេទរវាងលោក ជាមួយនឹងលេខាឈ្មោះ Vikki Campion រហូតដល់មានផ្ទៃពោះ។
លោក Barnaby Joyce អាយុ ៥០ និងលេខា Vikki Campion អាយុ ៣១ឆ្នាំ រំពឹងថានឹងមានកូនប្រុសម្នាក់នៅខែមេសាខាងមុខ៕ សុភ័ក្ត្រ