ភ្នំពេញ៖ បើទោះបីជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីជំងឺកូវីដ១៩ ប៉ុន្តែខាងសមាគមធានារ៉ាប់រងកម្ពុជា បានអះអាងឲ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជា នៅតែបន្តមានកំណើនល្អ។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាតថារ៉ូ បានឱ្យដឹងថា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២០នេះ ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រង មានចំនួនជាង ១៨៦លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
លោក ហ៊ុយ វ៉ាតថារ៉ូ បានបញ្ជាក់ថា ផ្អែកតាមការបូកសរុបលទ្ធផលពីក្រុមហ៊ុនដែលជាសមាជិកប្រមាណ ៣២ ក្រុមហ៊ុន បង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះ បុព្វលាភដែលទទួលបានពីវិស័យធានារ៉ាប់រង សរុប១៨៦ លាន ដុល្លារអាមេរិក ក្នុងនោះ បុព្វលាភធានារ៉ាប់រងទូទៅមានជិត ៨៩ លានដុល្លារ កើន ជាង ១៨ភាគរយ បុព្វលាភធានារ៉ាប់រងអាយុជីវិតទទួលបានជិត ១១០លានដុល្លារ កើនជិត ៣ភាគ ខណៈ បុព្វលាភធានារ៉ាប់រងខ្នាតតូចវិញ ទទួលបានជាង ៤លានដុល្លារ ថយចុះ ២២ភាគរយ។
លោក ហ៊ុយ វ៉ាតថារូ បញ្ជាក់ថា ផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ មកលើវិស័យធានារ៉ាប់រងនៅកម្ពុជា គឺមានឥទ្ធិពលតិចតួចនៅឡើយ ហើយវិស័យធានារ៉ាប់រងអាយុជិវិត ដែលកន្លងមក មានកំណើនខ្ពស់រហូត ៤០ភាគរយ ឥឡូវនេះបានថយចុះកំណើនមកនៅត្រឹមជិត ៣ភាគរយប៉ុណ្ណោះ ដោយសារតែក្នុងមួយរយៈពេលកូវីដ ១៩ នេះ រាល់ការជួបជុំជាមួយអតិថិជនសក្តានុពលមួយចំនួនត្រូវបានលុបចោល។
បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលជាសមាជិកសមាគមធានារ៉ាប់រងនៅកម្ពុជា មានចំនួន៣២ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំនួន ១១ និងធានារ៉ាប់រងខ្នាតតូចមានចំនួន ៧ ក្រុមហ៊ុន។
លោកប្រធានសមាគមធានារ៉ាប់រងកម្ពុជា នៅតែរំពឹងខ្ពស់ចំពោះកំណើននៅក្នុងវិស័យធានារ៉ាប់រងកម្ពុជាថា វានឹងនៅតែរក្សាបានកំណើនល្អនៅដំណាច់ឆ្នាំ២០២០នេះ ដោយសារតែមានការរុញច្រាននៃកំណើនធានារ៉ាប់រងទូទៅ។
សូមជម្រាបថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ សំណងដែលក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់ជូនអតិថិជនមានចំនួនជិត ២២ លានដុល្លារអាមេរិក ក្នុងនោះធានារ៉ាប់រងទូទៅបានផ្ដល់សំណងជាង ១៦លានដុល្លារ ធានារ៉ាប់រងអាយុជីវិតផ្ដល់ជិត ៥លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចបានផ្ដល់សំណងជាង ៧សែនដុល្លារ៕
ដោយ៖CEN