គ្រូបង្រៀនដ៏មានទឹកចិត្ត និងការលះបង់ម្នាក់ឈ្មោះ Sambau Dugat នៅក្នុងប្រទេសម៉ាឡេស៊ី បានទទួលការកោតសរសើរជាខ្លាំង បន្ទាប់ពីថ្មីៗនេះ លោកគ្រូបានដឹកនាំក្រុមសិស្សានុសិស្សសរុបចំនួន ២២ នាក់ ដើរឆ្លងកាត់ព្រៃភ្នំយ៉ាងលំបាករយៈពេល២ម៉ោង ដើម្បីឲ្យពួកគេទទួលបានសេវាអ៊ិនធឺណែត រៀនតាមអនឡាញ។
ក្រុមនេះមានទាំងសិស្សាបឋម និងមធ្យមសិក្សា ដែលត្រូវការអ៊ិនធឺណែត បន្ទាប់ពីក្រសួងអប់រំបានប្រកាសថា គ្រប់ថ្នាក់ទាំងអស់ត្រូវរៀនតាមអនឡាញ បន្ទាប់ពីសាលារៀននៅទូទាំងប្រទេសត្រូវបានបិទ ខណៈបញ្ហានេះហាក់ដូចជាបញ្ហាតូចតាចសម្រាប់អ្នករស់នៅក្នុងទីក្រុង ប៉ុន្តែវាមិនងាយស្រួលទេសម្រាប់អ្នករស់នៅតំបន់ជនបទ ដែលភាគច្រើននៅភាគខាងកើតនៃប្រទេសម៉ាឡេស៊ី។
យោងតាមសារព័ត៌មាន Sin Chew Daily បានចុះផ្សាយថា លោក Sambau ដែលជាគ្រូបង្រៀននៅតំបន់ SMK Lubok Antu រដ្ឋ Sarawak បានឲ្យដឹងថា ដោយមិនអាចមើលឃើញកូនសិស្សរបស់គាត់ ខ្វះនូវអ្វីៗជាពិសេសសេវាអ៊ីនធឺរណែតដើម្បីរៀនតាមអនឡាញ គាត់បានសម្រេចចិត្តនាំពួកគេដើរឆ្លងកាត់ព្រៃភ្នំ ដើម្បីស្វែងរកសេវាអ៊ីនធឺណែតបន្តការសិក្សារបស់ពួកគេ។
លោកគ្រូ Sambau បាននិយាយថា «បណ្តាញអ៊ិនធឺណែតគឺជាបញ្ហាដ៏ចម្បងនៅក្នុងតំបន់របស់ខ្ញុំ ដែលបច្វុប្បននេះមិនមានសេវាអ៊ិនធឺណែតល្អនោះទេ។ សិស្សានុសិស្សមកពីភូមិរបស់ខ្ញុំត្រូវការវា ដើម្បីជួយសម្រួលដល់ការសិក្សារបស់ពួកគេ»។
លោកគ្រូ Sambau បានចែករំលែកឲ្យដឹងថា ការធ្វើដំណើរជាក្រុមនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន (១៥ វិច្ឆិកា) ដោយឆ្លងកាត់ផ្លូវឆ្ពោះទៅកាន់តំបន់ដែលមានអ៊ិនធឺណែតល្អ គឺត្រូវចំណាយពេល២ម៉ោងកន្លះ។ ហើយការរៀបចំដំណើរនេះផងដែរ គឺបន្ទាប់ពីលោកគ្រូ Sambau បានសង្កេតសិស្សមួយចំនួននៅក្នុងភូមិរបស់គាត់ បានធ្វើដំណើរទៅទីនោះ ដើម្បីស្វែងរកសេវាអ៊ិនធឺណែតប្រើប្រាស់។
លោក Sambau នៅបានឲ្យដឹងទៀតថា ដំបូងពួកគាត់បានដើររយៈពេល ៤៥ នាទី ឆ្លងកាត់ព្រៃ មុនពេលឡើងភ្នំរយៈពេល ១ម៉ោងនិង៤៥ នាទី ទើបអាចប្រើអ៊ីនធឺណែតបាន។
ដោយសាររយៈពេលនៃការធ្វើដំណើររបស់ពួកគេ ត្រូវចំណាយពេលវែង ហេតុនេះគ្រប់គ្នាបានវេចខ្ចប់ស្បៀងអាហារ និងរបស់ចាំបាច់ដូចជាកុំព្យូទ័រយួរដៃ និងសម្ភារផ្សេងៗរបស់ពួកគេ ដើម្បីធ្វើការនៅពេលដែលពួកគេទៅដល់គោលដៅ៕ ដោយ៖ លឹម ហុង