Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍​រៀបចំ​កម្មវិធី​វាយតម្លៃ​សមត្ថភាព តាម​យន្តការ​វាយតម្លៃ​ការសិក្សា​ពីមុន ដល់​អ្នក​កំពុង​បម្រើ​ការងារ ក្នុង​វិស័យ​សេវាកម្ម​ស​ណ្ឋា​ការ (​ជា​ស្ត្រី​)

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ដែលមាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ (​គ​.​ជ​.​អ​.​ទ​) ជា​សេនាធិការ​ជំនាញ បានរៀបចំ​កម្មវិធី​វាយតម្លៃ​សមត្ថភាព​តាម​យន្តការ​វាយតម្លៃ​ការសិក្សា​ពីមុន (RPL: Recognition of Prior Learning) ដល់​អ្នក​កំពុង​បម្រើ​ការងារ (​ជា​ស្ត្រី​) ដែលមាន​បទពិសោធន៍​បម្រើ​ការងារ​តាម​ផ្ទះ ចំនួន ៦០​រូប ស្ថិតក្នុង​គម្រោង​វាយតម្លៃ​សាកល្បង ដើម្បី​ឲ្យ​អ្នក​កំពុង​បម្រើ​ការងារ​ទាំងនោះ​ទទួលបាន​ជំនាញ និង​វិញ្ញាបនបត្រ​វិជ្ជាជីវៈ ផ្នែក​រៀបចំ​បន្ទប់​នៃ​សេវាកម្ម​សណ្ឋាគារ​។​

​ការវាយតម្លៃ​ការសិក្សា​ពីមុន (RPL) នេះ​រៀបចំឡើង​ដោយ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ទ ដែល​បាន​បណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេស កាលពី ០២​សប្តាហ៍​មុន ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​ចាំបាច់​មួយចំនួន និង​មានការ​ចូលរួម​ផ្ទាល់​ពី​អ្នកវាយតម្លៃ​បង្គោល​ជាតិ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​អាស៊ាន ស្ថិតក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ក្នុង​តប​ន់ ពិសេស​ក្រោម​យន្តការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA)​។​

​ក្នុងន័យនេះ កម្មវិធី​វាយតម្លៃ​សមត្ថភាព​ដល់​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ ដែលមាន​បំណង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ជា​មុំ​យុទ្ធសាស្ត្រ​ដែល​ក្រសួងទេសចរណ៍​បានដាក់ចុះ​បន្ថែម​លើ​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ដល់​អ្ន​ក​កំពុង​បម្រើ​ការងារ ក្នុងទិសដៅ​លើកកម្ពស់​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​មូលដ្ឋាន​នៃ​ការពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​។​

​ការវាយតម្លៃ​ការសិក្សា​ពីមុន RPL​ត្រូវបាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ហើយ​បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​វាយតម្លៃ និង​ទទួលស្គាល់​សមត្ថភាព​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​បានជា​ច្រើន​ពាន់​អ្នក និង​មាន​ធនធាន​ជា​គ្រូ​បណ្តុះបណ្តាល និង​អ្នកវាយតម្លៃ​ជាង ៦០០​នាក់ មជ្ឈមណ្ឌល​វាយតម្លៃ​ចំនួន ០៤​ទីតាំង និង​សាលា​បណ្តុះបណ្តាល​តាម​កម្ម​វិធី​សិក្សា​អាស៊ាន ចំនួន​ប្រមាណ​ជាង ២០ ទីតាំង​៕
​ដោយ : CEN

×