ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជន ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការរួមសហការគ្នាជាប្រព័ន្ធ និងពង្រឹងភាពជាដៃគូ។
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








