ភ្នំពេញ ៖ ក្រុមអ្នកជំនាញស្រាវជ្រាវក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust Appraisal បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា “ភ្នំពេញឆ្នាំ២០៣០” បានបង្ហាញថា មានខណ្ឌចំនួន៧ ក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ បាននិងកំពុងមានសកម្មភាពមមាញឹក ក្នុងការសាងសង់លំនៅឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ ដែលនឹងធ្វើឱ្យលំនៅឋាន កើនឡើង រហូតដល់ជិតកន្លះលានខ្នង នៅឆ្នាំ២០៣០។
ការព្យាករណ៍ បានបង្ហាញថា កំណើននៃចំនួនលំនៅដ្ឋាន អាចនឹងកើនឡើង រហូតដល់ប្រមាណ១០ម៉ឺនខ្នង នៅត្រឹមឆ្នាំ២០៣០ខាងមុខ សម្រាប់តែខណ្ឌដង្កោ ដែលមានសកម្មភាពទិញ-លក់អចលវត្ថុ ក៏ដូចជាការសាងសង់លំនៅដ្ឋានសកម្មជាងគេ ដើម្បីបំពេញតម្រូវការរស់នៅ។
អ្នកជំនាញ លើកឡើងថា មានគម្រោងសំខាន់ៗដែលជួយឱ្យខណ្ឌដង្កោមានសកម្មភាពមមាញឹក ដូចជាខណ្ឌនេះ មានគម្រោងផ្លូវក្រវាត់ក្រុងទី៣ មានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែបង្កភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្រុង ជាពិសេសការតភ្ជាប់បណ្តាញផ្លូវនានាជាមួយនឹងមហាវិថីសម្ដេចតេជោ រួមជាមួយលំហូរនៃចំនួនប្រជាសាស្ត្រចូលទៅរស់នៅក្នុងតំបន់នេះកាន់តែច្រើន។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយថា គម្រោងសំណង់លំនៅឋាននៅតែបន្តមានកំណើនល្អ ដែលនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ មានចំនួន ២,៨១៩គម្រោង ឬស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុប។ គម្រោងសំណង់លំនៅឋាននេះកើនឡើង៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖CEN