ភ្នំពេញ៖ សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ២៧ ដែលបានទទួលកញ្ចប់ជំនួយសហគ្រិនខ្មែរជុំទី១ និងជុំទី២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)។
សហគ្រិនខ្មែរ ជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបង្កើតឡើងដោយ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព តាមរយៈការអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូរដ្ឋ និងឯកជន។
សហគ្រិនខ្មែរ ធ្វើការគាំទ្រទៅលើវិស័យអាទិភាព រួមមាន ធុរកិច្ចបង្កើតថ្មីបែបបច្ចេកវិទ្យា សេវាកម្ម ការកែច្នៃកសិ-ចំនីអាហារ កសិកម្មសម្រាប់ការនាំចេញ និងផលិតកម្មសម្រាប់ ជំនួសការ នាំចូល ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារ។
សហគ្រិនខ្មែរ បានបង្កើតកម្មវិធីកញ្ចប់ជំនួយនេះឡើង ដើម្បីឆ្លើយតបទៅនឹងផលលំបាកបង្កឡើងដោយវិបត្ដិជម្ងឺកូវីដ-១៩ ដែលសហគ្រិនកម្ពុជាកំពុងតែប្រឈម។ កញ្ចប់ជំនួយនេះត្រូវបានអនុវត្តជោគជ័យចំនួន ពីរដងរួចមកហើយ ដែលជុំទី១បានធ្វើឡើងនៅខែមីនា ខណៈជុំទី២ទើបតែបញ្ចប់កាលពីខែកញ្ញា។ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ នេះគឺជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មុតស្រួចមួយ ដើម្បីបន្តឆ្លើយតបទៅនឹងបញ្ហាប្រឈមបង្កឡើងដោយវិបតិ្ដជម្ងឺ កូវីដ-១៩ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងជួបប្រទះ ទាំងផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ។
កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរត្រូវបានធ្វើឡើងជាបួនដំណាក់កាល ដែលដំណាក់កាលទី១ សហគ្រិនខ្មែរប្រកាសបើកការទទួលពាក្យតាមរយៈបណ្តាញសង្គម ដៃគូសហការ និងស្ថាប័នព័ត៌មានផ្សេងៗ។ ដំណាក់កាលទី២ សហគ្រិនខ្មែរ ចាប់ផ្តើមសម្រិតសម្រាំង និងដាក់ពិន្ទុដោយមានសុភនិច្ឆ័យផ្អែកតាមលក្ខខ័ណ្ឌវិនិច្ឆ័យស្តង់ដារ។ ដំណាក់កាលទី៣ សហគ្រិនខ្មែរអញ្ជើញបេក្ខជន ដែលបានជាប់វគ្គជម្រុះមកធ្វើបទបង្ហាញចំពោះមុខគណៈកម្មាធិការវាយតម្លៃ ដែលជាអ្នកជំនាញក្នុងវិស័យធុរកិច្ច និងវិនិយោគ។ ដំណាក់កាលទី៤ សហគ្រិនខ្មែរ ធ្វើការប្រកាសឈ្មោះ សហគ្រិនឆ្នើមដែលទទួលបានជោគជ័យ និងទទួលបានកញ្ចប់ជំនួយដល់សាធារណជនក្នុងគោលបំណងជួយ ផ្សព្វផ្សាយអាជីវកម្ម ផលិតផល និងសេវាកម្មរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។
តាមរយៈកម្មវិធីកញ្ចប់ជំនួយទាំងពីរជុំ សហគ្រិនខ្មែរទទួលបានពាក្យស្នើរសុំសរុបពីធុរកិច្ចបង្កើតថ្មី ក៏ដូចជាសហគ្រាស ធុនតូច និងមធ្យមចំនួន ២៧៨ ដែលមកពីវិស័យផ្សេងៗគ្នាទូទាំង ១៩ រាជធានីខេត្ត។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃដោយសហគ្រិនខ្មែរ និងគណៈកម្មាធិការដែលមកពីវិស័យឯកជនចំនួន ១៩ រូប សហគ្រិនខ្មែរ បានរកឃើញធុរកិច្ច បង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ចំនួន១២ ក្នុងជុំទី១ និងចំនួន ១៥ បន្ថែមទៀតក្នុងជុំទី២ ដែលមកពីវិស័យផ្សេងៗដូចជា កសិកម្ម/កសិកម្មកែច្នៃ សិប្បកម្មកែច្នៃ សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលទទួលបានកញ្ចប់ជំនួយជាហិរញ្ញប្បទានដើម្បីចាប់ផ្ដើមអាជីវកម្មឡើងវិញ។
បន្ថែមពីនេះ សហគ្រិនខ្មែរ ក៏បានផ្ដល់ជាប្រាក់រង្វាន់ជូនទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ១៥ ផ្សេងទៀត ដែលបានចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីនៃជុំទាំងពីរ ដើម្បីជាការលើកទឹកចិត្ត។ សម្រាប់កម្មវិធីកញ្ចប់ជំនួយទាំងពីរជុំនេះ សហគ្រិនខ្មែរបានប្រើប្រាស់ថវិការសរុបប្រមាណ ៤០០,០០០ ដុល្លារអាមេរិក ជូនទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចាប់ពីចន្លោះ ៥,០០០ ដុល្លារទៅ ២០,០០០ ដុល្លារ ជាមួយនឹងលក្ខខណ្ឌប្រើប្រាស់កញ្ចប់ថវិការរយៈពេល ១ ឆ្នាំក្នុងការប្រតិបត្តិការអាជីវកម្ម។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ដែលជាអង្គភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជា ឃ្នាស់ថ្មី ក្នុងការជួយផ្សាភ្ជាប់សហគ្រិនទាំងក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាភ្នាក់ងារជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាក្នុងអាជីវកម្ម និងខ្សែច្រវាក់តម្លៃ និងបង្កើតជាម៉ូដែលអាជីវកម្មថ្មីក្នុងប្រទេស។
សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លងមកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ និងកិច្ចសហប្រតិបត្តិការជាដៃគូនាពេលខាងមុខនេះជាមួយដៃគូអន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម។
ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច និងអភិក្រមក្នុងការអនុវត្តកម្មវិធីរបស់យើងដែលមានលក្ខណៈបត់បែនរហ័ស បានចាប់ផ្តើមបង្កើតសហថាមពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរ ធានានូវសមតុល្យរវាងតម្រូវការរបស់ម្ចាស់អាជីវកម្ម និងគោលបំណងនៃកម្មវិធី និងសំខាន់ជាងនេះទៀត កិច្ចការទាំងនេះបានផ្តល់នូវទំនុកចិត្តយ៉ាងសំខាន់ទៅដល់ភាគីពាក់ព័ន្ធផ្សេងៗថា ម.អ.ស. នឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់សហគ្រិនក្នុងរយៈពេលវែងខាងមុខ។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍសហគ្រិនបានមានចំណាប់អារម្មណ៍ថា សហគ្រិន
ខ្មែរ បានដើរតួជាស្ថាប័នផ្សាភ្ជាប់ភាគីពាក់ព័ន្ធចម្បងៗ (key stakeholders) ក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីលើកស្ទួយសហគ្រិនភាព។ លេខាធិការដ្ឋានមូលនិធិសហគ្រិនភាព សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសហគ្រិនខ្មែរ ដែលបានរៀបចំកញ្ចប់ថវិកាពិសេសគាំទ្រសហគ្រិនធុនតូច និងមធ្យម (SMEs) ដែលស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលគាំទ្រដល់ SMEs ទាំងក្នុងអំឡុងពេលនៃការរីករាត្បាតជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ។
តាមរយៈបទបង្ហាញនៅក្នុងពិធីចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទាន លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក
ប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «សហគ្រិនខ្មែរជឿជាក់ថា ជំនួយហិរញ្ញប្បទានកម្មវិធីកញ្ចប់
ជំនួយសហគ្រិនខ្មែរនេះ ជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ សម្រាប់គាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល ក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មឡើងវិញកំឡុងពេល និងក្រោយ បរិបទវិបត្តិកូវីដ-១៩។»
លោកបណ្ឌិតក៏បានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តរៀបចំក៏ដូចជាធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីកសាង និងជំរុញ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅប្រទេសកម្ពុជា។
ក្នុងខណៈពេលដែលវិបត្តិជម្ងឺកូវីដ១៩ បានផ្ដល់ផលប៉ះពាល់ពុំធ្លាប់មានពីមុនជាច្រើន ដល់វិស័យសហគ្រិនភាព នៅកម្ពុជា។ ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការស្តារសេដ្ឋកិច្ចជាតិឡើង វិញ។ សហគ្រិនខ្មែរ នឹងនៅតែបន្តដើរតួនាទីជាផ្នែកមួយក្នុងការចូលរួមផ្ដល់ជាយន្តការដោះស្រាយ និងគាំទ្រដល់ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមដើម្បីឆ្លងកាត់វិបត្ដិសកលនេះ។ សហគ្រិនខ្មែរ នឹងបន្ដដាក់ចេញ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ជុំទី៣ នៅឆ្នាំខាងមុខបន្តទៀត៕ដោយ៖CEN