Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ហ៊ុន ម៉ា​នី ៖ សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ដោយ​ផ្តោត​ចម្បង​លើ​ការប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន ការរក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច

​ភ្នំពេញ​៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២២០២០ បាន​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​

​ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នៃ​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តំណាង​រាជរដ្ឋាភិបាល បានបង្ហាញ​ពី​ស្មារតី​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង ដោយ​ផ្តោត​ចម្បង​លើ​ការប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន ការរក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រមទាំង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច រួមជាមួយ​នឹង​ការប្រកួតប្រជែង​របស់​កម្ពុជា​។

​ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ថ្លែងថា ស្មារតី និង​មូលដ្ឋាន​នៃ​ការគិតគូរ​ខាងលើនេះ ពិតជា​បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាព​មុត​ស្រួច និង​ភាពមិន​ប្រែប្រួល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ប្រធាន​គណបក្ស ក្នុង​ការបន្ត​ស្ថិត​នៅជាប់​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ និង​ការដាក់​ផលប្រយោជន៍​ប្រជាជន​ជា​ចម្បង ជាពិសេស​ក្នុង​បរិបទ ដែល​កម្ពុជា​កំពុង​ជួប​ការលំបាក​ដោយ​វិបត្តិ​កូ​វីដ​១៩​។​

“​កន្លងមក រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​ជោគជ័យ ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​ភាព​រីកចម្រើន​ក្នុងសង្គម ប៉ុន្តែ​ដោយសារ​កត្តា​សត្យានុម័ត​នៃ​បរិបទ​អន្តរជាតិ​តម្រូវ កត្តា​អត្តនោម័ត​របស់​យើង ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​បរិបទ​ថ្មី​នេះ​។ ក្នុងន័យនេះ ការគិតគូរ និង​របៀបរបប​នៃ​ការអនុវត្ត​ការងារ ក៏ត្រូវ​តែមាន​ការ​សម្រប​តាម​កាលៈទេសៈ​ជាក់ស្តែង ដោយ​ផ្នែក​លើ​មូលដ្ឋាន​នៃ​ការរៀបចំ​ថវិកាជាតិ និង​ចំណូល​ថវិកាជាតិ ដែលមាន​កម្រិត​តាម​ស្ថានភាព​ដូចគ្នា​ដែរ​។​

​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២២០២០ ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១៤​រូប​។ របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​នាឱកាស​នេះ មាន​ចំនួន​៧ គឺ​៖
១- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​
២- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
៣- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ​។​
៤- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​
៥- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង អាស៊ាន​ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។​
៦- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖
– ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​
– ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
៧- ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​
​ចំពោះ​លទ្ធផល​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នា​ថ្ងៃនេះ នឹងមាន​ផ្សាយ​ជូន នៅពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​៕​ដោយ : បញ្ញា​ស័ក្តិ​

 

×